ព័ត៌មានជាតិ

សង្ស័យកាប់ប្លន់! យុវជនម្នាក់ជិះម៉ូតូចេញទៅផ្ទះ ត្រូវជនមិនស្គាល់មុខ​ដេញកាប់..

ភ្នំពេញៈ បុរសម្នាក់ ខណៈដែលកំពុងជិះម៉ូតូចេញពីធ្វើការតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញតាមពីក្រោយ កាប់១ដាវ រងរបួសធ្ងន់សង្ស័យជារឿងគំនុំ ឬកាប់ប្លន់យកម៉ូតូ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ជឹម ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលនៅម្តុំលូ៥ ស្ថិតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1FP-9583។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតជិះតែម្នាក់ឯង លុះបើកមកដល់ចំណុចកើតហេតុ។ ស្រាប់តែមានជនបង្កមានគ្នា២នាក់ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះស្របជាមួយជនរងគ្រោះដោយបើកមកពីក្រោយទន្ទឹមនឹងម៉ូតូជនរងគ្រោះ បានកាប់ទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួលភ្លាមៗផងដែរ។ សំណាងហើយដែលជនរងគ្រោះពាក់មួកការពារសុវត្ថិភាព ពេលជនរងគ្រោះដួលប្រលាក់សុទ្ធតែឈាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃើញជនរងគ្រោះដួលស្មានថា គ្រោះថ្នាក់ចរាចរណ៍បាននាំគ្នាមកជួយភ្លាមៗនោះដែរស្រាប់តែឃើញជនបង្កមានដាវហើយជិះទៅមុខបាត់ទៅ។

បើតាមសម្តីជនរងគ្រោះបាននិយាយថា គាត់មិនដែលមានទំនាស់ជាមួយជនដៃដល់ទេ ហើយគាត់បានបញ្ជាក់ទៀតថា រូបគាត់ទើបចេញពីធ្វើការនៅការ៉ាស់រថយន្តនៅម្តុំកន្លែងលក់សាច់ក្រក ខណៈកំពុងជិះម៉ូតូមកដល់ចំណុចខាងលើស្រាប់តែមានជនមិនស្គាល់មុខខាងលើកាប់គាត់តែម្តង ។
ក្រោយពេលកើតហេតុបន្ទាប់ពីប្រជាពលរដ្ឋនាំជនរងគ្រោះទៅព្យាលនៅមន្ទីរពេទ្យ សុខា កំបូល ហើយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកមន្ទីរពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗផងដែរ។

ចំណែកសមត្ថកិច្ចកំពុងតែស្រាវជ្រាវករណីខាងលើនេះ ជារឿងគំនុំឬក៏ជាករណីកាប់ប្លន់យកម៉ូតូរង់ចាំជនរងគ្រោះបានធូរស្រាលបន្តិចទៅដាក់ពាក្យបណ្តឹង៕

មតិយោបល់