ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួន DJ ម្នាក់តាមដីការបស់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធរឿង កាន់កាប់អាវុធ

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថា កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿង កាន់កាប់អាវុធខុសច្បាប់ ក្រោយពីរូបគេបានរត់គេចខ្លួនអស់មួយរយៈ។

សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ម៉ុម ធី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ DJ នៅក្លឹប E-ROCK ក្នុងក្រុងភ្នំពេញ និងជាអតីតមន្ត្រីយោធា មានទីលំនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្ថែមថា ជនត្រូវចោទត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងចំណុចសណ្ឋាគារមេគង្គវីយូ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

យោងតាមការបញ្ជាក់របស់សមត្ថកិច្ចនៅរសៀលនេះ ជនត្រូវចោទស្ថិតក្រោមការសាកសួររបស់ លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មុនពេលសម្រេចថាត្រូវឃុំខ្លួន ឬមិនឃុំខ្លួន៕

មតិយោបល់