Post News Media ព័ត៌មានជាតិ កុងតឺន័របើកលឿ...

កុងតឺន័របើកលឿន បុករះម៉ូតូនិងរថយន្តឡិចស៊ីស របួសបាក់ជើង៣កំណាត់ម្នាក់!

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បុកម៉ូតូ ហើយជ្រុលទៅបុករថយន្ត១គ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួស ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ស្ពានតាផាន់ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ លាវ ប៊ុនឆៃ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-2157 (អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់)បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ បណ្តាលឲ្យជនរងគ្រោះរបួសបាក់ជើងឆ្វេង៣កំណាត់ រួចរថយន្តបន្តទៅបុករថយន្តឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2H.1219។

ភា្លមៗនោះ ជនរងគ្រោះ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី។ ចំណែកវត្ថុតាងយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ខេត្ត ដើម្បីរកម្ចាស់ក្រុមហ៊ុនមកដោះស្រាយតាមច្បាប់៕