ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងរថយន្ត

ភ្នំពេញ: មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីបានប្រទះឃើញបុរសម្នាក់ស្លាប់រថយន្ត ហើយចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៣ (ជួរប្រឡាយបាក់ទូក) ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានបើករថយន្តមួយគ្រឿងម៉ាក Matiz ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-0062 មកឈប់ចតនៅកន្លែងកើតហេតុ ក្នុងស្ថានភាពស្រវឹង បន្ទាប់មកបានពន្លត់ម៉ាស៊ីនរថយន្តហើយដេក លុះដល់ព្រឹកឡើង ទើបមានការភ្ញាក់ផ្អើលថា បុរសម្នាក់នោះបានស្លាប់នៅក្នុងរថយន្ត ដែលគេសន្និដ្ឋានថា អាចបណ្ដាលមកពីថប់ដង្ហើម ដោយសារអត់មានខ្យល់អុកស៊ីស៊ែន ព្រោះរថយន្តបិទកញ្ចក់ជិត។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡាំ ចាន់រិទ្ធ អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងកាមិនកូ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តបាត់ដំបង។

ខណ:ពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យលើសាកសព និងទំនាក់ទំនងមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់