ព័ត៌មានជាតិ

ព្រះរាជជីវប្រវត្តិសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញៈ សម្តេចព្រះមហាក្រត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាមាតាជាតិខ្មែរ ទ្រង់ព្រះប្រសូត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដោយក្រោយពេលព្រះប្រសូត្រ ព្រះអង្គទ្រង់មានព្រះនាមដើមថា «ប៉ូមូនិច អ៊ីស៊ី» ជាបុត្រីរបស់លោក ហ្សង់ហ្វ្រង់ ស្វ័រអ៊ីស៊ី ជនជាតិបារាំង មានដើមកំណើតនៅប្រទេសអ៊ីតាលី និងព្រះមាតាមានព្រះនាម ប៉ុមពាង ជាជនជាតិខ្មែរ និងមានព្រះអនុជមួយព្រះអង្គ មានព្រះនាម អានម៉ារីស អ៊ីស៊ី។ ចំណែកព្រះបិតា បានទទួលមរណភាព ក្នុងកំឡុងសង្គ្រាម លោកលើកទី២។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអតីត ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (ព្រះបរមរតនកោដ្ឋ) ក្នុងខែមេសា ឆ្នាំ១៩៥២។ ក្រោយអភិសេក ព្រះអង្គទ្រង់មាន ព្រះរាជបុត្រា២ព្រះអង្គ គឺព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជបុត្រច្បង និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ជាព្រះរាជបុត្រពៅ ប៉ុន្តែព្រះអនុជ ទ្រង់បានសោយទិវង្គត កាលពីឆ្នាំ២០០៣ ដោយជំងឺបេះដូង នៅប្រទេសបារាំង។

​កាលពីវ័យកុមារ សម្តេចព្រះមហាក្សត្រី ទ្រង់បានចូលសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម ហើយទ្រង់ បានបន្តការសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ តែក្រោយមក ព្រះអង្គទ្រង់ត្រូវបានផ្ទេរទៅសិក្សា នៅវិទ្យាល័យរ៉ូណេឌីកាត វិញម្ដងដែលស្ថិត នៅជិតវត្តភ្នំ។

ចំពោះព្រះរាជកិច្ចក្នុងសង្គមវិញនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះអង្គធ្លាប់ មានព្រះរាជតួនាទី ជាព្រះប្រធានកាកបាទក្រហមកម្ពុជា ចាប់ពីទសវត្សឆ្នាំ១៩៦០ ដល់១៩៧០។ ចំណែកបច្ចុប្បន្ននេះព្រះអង្គទ្រង់ក៏មាន ព្រះរាជតួនាទី ជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ផងដែរ។

ជាមួយគ្នានេះ សម្តេចព្រះមហាក្សត្រី ទ្រង់តែងតែយាង ព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ និងអំណោយកាកបាទក្រហម របស់សប្បុរសជន ចែកជូនដល់ប្រជានុរាស្ត្រដែលមកពីតាម បណ្តាខេត្តនានា ដែលបានជួបជុំទទួល នៅក្នុងព្រះបរមរាជវាំង និងកន្លែងផ្សេងៗជាច្រើនទៀត និងមានការអមព្រះរាជកិច្ច ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជានិច្ច។

បច្ចុប្បន្ន សម្តេចម៉ែទ្រង់មានព្រះជន្ម ៨០វស្សាយាងចូល ៨១វស្សានាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ៕

មតិយោបល់