ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជួបប្រាស្រ័យជាមួយពលរដ្ឋតាមផ្លូវជាតិលេខ៤ដោយក្តីរីករាយ

កោះកុងៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីភ្នំពេញមកកាន់ខេត្តកោះកុងព្រឹកនេះតាមរថយន្តសម្តេចបានមានប្រសាសន៍ថា ខ្ញុំមានឱកាសបានមើលឃើញជាបន្តបន្ទាប់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមដងផ្លូវ ព្រមជាមួយរថយន្តដឹកទំនិញតូចធំធ្វើចរាចរណ៍តាមដងផ្លូវ ដែលបង្ហាញឲ្យឃើញពីការរីកចម្រើននៃប្រទេសជាតិ។ ចំពោះផ្លូវថ្នល់ និងស្ពានក៏មានលក្ខណៈកាន់តែធំទូលាយងាយស្រួលក្នុងការធ្វើដំណើរបានឆាប់ផងដែរ។

សម្តេចបានមានប្រសាសន៍ទៀតថា នៅតាមដងផ្លូវចូលមកកាន់ខេត្តកោះកុង ខ្ញុំបានចុះសួរសុខទុក្ខប្អូនប្រុសអ្នករត់ម៉ូតូឌុប និងក្មួយស្រីអ្នកលក់ចាប់ហួយ ព្រមទាំងក្រុមគ្រួសារកសិករប្រកបរបរស្រែចម្ការដែលមានដាំដំណាំនៅជុំវិញផ្ទះ ។ ខ្ញុំសប្បាយចិត្តដែលបានស្វែងយល់ និងបានឃើញជនរួមជាតិរស់នៅសុខសាន្ត មានរបបរទទួលទាន និងមានម៉ូតូជាយាន្តជំនិះផ្ទាល់ស្ទើរគ្រប់ផ្ទះ។

ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព យើងទាំងអស់គ្នាបន្តខិតខំចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនខ្លាំងឡើង៕

មតិយោបល់