ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន សម្តែងនូវការបារម្ភ និងព្រមានពីមហន្តរាយសុខភាពសាធារណៈ បើបងប្អូនជនរួមជាតិមិនអនុវត្តវិធានការ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានសម្តែងនូវការបារម្ភ និងបានព្រមានពីមហន្តរាយសុខភាពសាធារណៈ បើបងប្អូនជនរួមជាតិមិនអនុវត្តឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ នូវវិធានការ ០៣ការពារ-០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទេនោះ។

នៅក្នុងបណ្តាញតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “យើងត្រូវរួមគ្នាចាប់ពីពេលនេះតទៅ កុំឱ្យហួសខ្សែបន្ទាត់ក្រហមឱ្យសោះ តាមរយៈការបន្តអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ឱ្យបានម៉ត់ចត់បំផុត រួមជាមួយនឹងការចាក់វ៉ាក់សាំង ខណៈករណីឆ្លងវីរុសប្រចាំថ្ងៃមានចំនួនកាន់តែច្រើនទៅៗ”។

លោកជំទាវបានបន្ថែមថា ពិតមែនតែអូមីក្រុង មានកម្រិតវាយប្រហារលើសុខភាពស្រាលជាង អាល់ហ្វា និងដែលតា ប៉ុន្តែយើងមិនត្រូវមើលស្រាលពីលទ្ធភាពវ៉ៃលុករបស់អូមីក្រុងមកលើសុខភាពយើងនោះឡើយ ដែលជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួនក៏កំពុងតែមានករណីស្លាប់កើនឡើងដោយសារតែអូមីក្រុងនេះដែរ ហើយបើក្នុងករណីដែលការឆ្លងចេះតែបន្តរាលដាលខ្លាំង ហើយគ្រប់គ្រងលែងបាន នោះមហន្តរាយសុខភាពសាធារណៈ ដោយសារមានការចូលសម្រាកពេទ្យច្រើន និងស្លាប់ច្រើន នឹងអាចកើតមានយ៉ាងពិតប្រាកដ។ សូមកុំឱ្យមានការសោកស្តាយ ដោយយើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងនាពេលនេះ ជាជាងទុកឱ្យហួសពេល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មួយរយៈចុងក្រោយនេះ ករណីឆ្លងវីរុសកូវីដ-១៩ ដែលសុទ្ធសឹងជាប្រភេទបំប្លែងថ្មី អូមីក្រុង បានបន្តកើនឡើងចាប់ពី១ខ្ទង់ ហើយ២ខ្ទង់ ហើយប្រមាណមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងប្រចាំថ្ងៃមានរហូតដល់៣ខ្ទង់ឯណោះ៕

មតិយោបល់