ព័ត៌មានជាតិ

បុរសវិកលចរិតម្នាក់ រត់ចូលរថយន្ដកាមរីបាឡែន ខណៈដែលបើកលឿនបុករងរបួសធ្ងន់!

ភ្នំពេញ: រថយន្តកាមរីបាឡែនមួយគ្រឿង ខណ:ដែលកំពុងបើកបរបោះពួយក្នុងល្បឿនលឿនស្របពេលនោះមានបុរសវិកលចរិតម្នាក់រត់ចូលត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តរងការខូចខាតបែកកញ្ចក់មុខនិងត្រូវបាននគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំចាត់ការតាមច្បាប់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-2500 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ បន្ទាប់មកបានជែងរថយន្ត១គ្រឿងផ្សេងទៀតនៅខាងមុខ រួចហើយដោយបាំងរថយន្តខាងមុខនោះមើលមិនឃើញ បុរសម្នាក់ដែលជាជនវិកលចរិតកំពុងរត់កាត់ឆ្លងផ្លូវក៏ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យមានគ្រោះថ្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបែកកញ្ចក់មុចខនិងត្រូវបាននគរបាលឃាត់នាំយកទៅរក្សាទុករង់ចាំការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១នាំយកទៅសង្គ្រោះភ្លាមៗដែរ៕

មតិយោបល់