ព័ត៌មានជាតិ

ចងស្លាបសេកវាយដល់ស្លាប់រួចដឹកសពបោះចូលរហូតស្អុយផ្អើលពេញភូមិ

ព្រះវិហារៈ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ឡើងហើមស្អុយសាយភាយពេញភូមិ ដោយមានស្នាមវាយឡើងខ្ទេចមុខមើលលែងស្គាល់ និងដៃត្រូវគេចងស្លាបសេកទៅក្រោយ ដែលជាអំពើឃាតកម្មសម្លាប់ហើយដឹកសពយកមកទម្លាក់ចោល ហើយត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ បានធុំក្លិនស្អុយអសោចនៅក្បែរភូមិ ក៏បានទៅរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះពិនិត្យទាំងយប់ កាលពីថ្ងៃទី១៧ មិថុនា នេះ តែមិនឃើញអ្វីនោះទេ។

លុះដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា សមត្ថកិច្ចក៏ទៅពិនិត្យម្តងទៀត ក៏ប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ រួចយកមកកប់ចោល មិនដឹងតាំងពីពេលណាទេ ដែលហេតុការណ៍នេះបង្កផ្អើលពេញភូមិតែម្តង។

មន្ត្រីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានស្លៀកខោខ្លីត្រឹមជង្គង់ អត់ពាក់អាវ មានកម្ពស់១,៦៨ម៉ែត្រ អាយុប្រហែល២០ឆ្នាំ មានស្នាមបែកលើផ្ទៃមុខ ក និងដៃទាំង២ចងស្លាបសេក ដោយខ្សែនីឡុង (ខ្សែគោ) ។

សមត្ថកិច្ចសន្និដ្ឋានថា សាកសពនេះ មិនមែនជាអ្នករស់នៅភូមិខាងលើទេ អាចត្រូវជនដៃដល់វាយសម្លាប់ រួចដឹកមកកប់ចោលនៅក្នុងព្រៃខាងលើ ។

សមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ ដើម្បីស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងក្រុមគ្រួសារ ហើយកំពុងបើកការស៊ើបអង្កេតស្វែងរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានបាត់សមាជិកដូចមានភិនភាគខាងលើ សូមមកទំនាក់ទំនងសមត្ថកិច្ច ដើម្បីទទួលព័ត៌មាន៕

មតិយោបល់