ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសនគរបាលសក្តិ៣ម្នាក់រឿង ដកកាំភ្លើងបាញ់មេខឃចំនួន ៤គ្រាប់។
លោក ងិន ពេជ្រ ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ កាន់កាប់ ឬដឹកជញ្ជូន អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ដកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារហូលីឌេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា នៅក្នុងសវនាការនារសៀលនេះ ជនជាប់ចោទឈ្មោះ ឡេង ធារ៉ា បានទទួលស្គាល់ការចោទប្រកាន់របស់តុលាការ។
គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ជនជាប់ចោទបើករថយន្តម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ មកដល់ចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារ ហូលីឌេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានដកកាំភ្លើងបាញ់ឡើងចំនួន ៤គ្រាប់ បង្កការភ្ញាក់ផ្អើល និងត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនកបានភ្លាមៗ។
ទោះយ៉ាងណា សំណុំរឿងនេះត្រូវតុលាការ សម្រេចលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់