ព័ត៌មានជាតិ

ក្មេងប្រុសលង់ទឹកស្លាប់ក្នុងអន្លង់បូបខ្សាច់ រកឃើញសពហើយ នៅស្រុកកំពង់សៀម

កំពង់ចាមៈ លោកអធិការស្រុកកំពង់សៀម បានប្រាប់ Post News ថា នៅវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចក្រោយភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនរងគ្រោះ ឈ្មោះ យ៉ុន សុធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ឪពុកឈ្មោះហ៊ុល យុវរិទ្ធ និងម្ដាយឈ្មោះ ជឹម ម៉ាលីស រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាទៅដើរលេង នៅវាលខ្សាច់ក្រោយភូមិតាមាង​ ដល់ម៉ោង៣ និង១០នាទីរសៀល ជនរងគ្រោះ បានដើរជ្រុលធ្លាក់ក្នុងអន្លង់បូបខ្សាច់ដែលជ្រៅ ដោយពុំចេះហែលទឹកផងនោះ ទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តងទៅ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរកសពជនរងគ្រោះ រហូតដល់ម៉ោង ៩ និង២០ នាទីយប់ ទើបកម្លាំងនគរបាល រួមជាមួយប្រជាពលរដ្ឋ រកឃើញសាកសពជនរងគ្រោះ នៅបាតទន្លេ ម្តុំកន្លែងកើតហេតុ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ និងបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់