ព័ត៌មានជាតិ

លោកចៅក្រម ថាន់ ឡេង សម្រេចដោះលែងស្ត្រីជាចោរលួចម៉ូតូម្នាក់ ដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងស្ត្រីត្រូវចោទម្នាក់ដែលជាចោរលួចម៉ូតូ ឱ្យត្រលប់ទៅផ្ទះវិញ ដោយបានសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ប្រភពបន្ថែមថា លោក ស៊ឺ មុនីរ័ត្ន ជាតំណាងអយ្យការបាន បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ឈ្មោះ ផូ សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ពីបទ លួច (លួចយកម៉ូតូ) ប្រព្រឹត្តនៅចណុចក្នុងការដ្ឋានសំណង់ ផ្លូវ១០០៧ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សុខ ឌីណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ១ ផ្លូនលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូរបស់ខ្លួន ម៉ាក ZOOMER ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GE-2335
ទៅកន្លែងកើតហេតុ ដោយទុកម៉ូតូរបស់ខ្លួននៅមុខរបង រួចជនរងគ្រោះបានឡើងលើការដ្ឋានសំណង់ ដើរមើលការងារ។

នៅពេលជនរងគ្រោះ ចុះពីមើលការងារលើការដ្ឋានសំណង់វិញ ស្រាប់តែបាត់ម៉ូតូមិនឃើញរបស់ខ្លួន បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី។

លុះដល់ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រទះឃើញម៉ូតូរបស់ខ្លួនដែលបានបាត់នោះនៅចំណុចផ្ទះលេខ ១០៧ ផ្ឡុវលេខ០១បូរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌមានជ័យ តាមរយៈប្រពន្ធ័GPS។

ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចសង្កាត់កន្ទោក ឱ្យជួយឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូ ប្រគល់ទៅឲ្យសមត្ថកិច្ចរដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មី ចាត់ការតាមផ្លូវច្បាប់។

ប៉ុន្តែនៅពេលសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅដល់តុលាការ ស្ត្រីជាចោរលួចម៉ូតូខាងលើ មានឱកាសបានទៅវិញដដែល៕

មតិយោបល់