ព័ត៌មានជាតិ

តុលាការលើកពេលកាត់ទោស មន្ត្រីអង្គរក្សម្នាក់ និងអតីតក្រុមប្រឹក្សាឃុំម្នាក់ រឿងឆបោក និងក្លែងឯកសារ ខណៈមានដំណឹងថា កំពុងមានអ្នករត់ការដោះ

ភ្នំពេញៈ មិនដូចជាការគ្រោងទុកនោះទេ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់អាចបើកសវនាការកាត់ទោស ជនជាប់ចោទជាមន្ត្រីកងអង្គរក្សម្នាក់ និងអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ម្នាក់ ដែលជាប់ពាក់ព័ន្ធ បទល្មើស ឆបោក និងក្លែងឯកសារដីធ្លី បាននៅឡើយ ព្រោះតែអវត្តមាន ដើមបណ្តឹង មេធាវីដើមបណ្តឹង និងសាក្សី។

លោក កូយ សៅ បានប្រកាសសុំលើកពេលសវនាការ ទៅពេលខាងមុខ ដោយសារតែសំណុំរឿងនេះ ត្រូវការគូភាគី ទាំងសងខាង ចូលរួម ដើម្បីបង្ហាញឲ្យពីការពិត និងរកយុត្តិធម៌ឲ្យគ្រប់ភាគី។

លោក ស៊ិន វិរៈ ដែលជាតំណាងអយ្យការកាន់សំណុំរឿងបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីកងអង្គរក្ស និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោក នូ ចន្ថា ដែលជាមេធាវីការពារសិទ្ធិ បានស្នើសុំឲ្យលោក កូយ សៅ ចៅក្រមជំនុំជម្រះ ជួយដាក់ពេលបើកសវនាការសំណុំរឿងនេះឲ្យបានលឿន ព្រោះតែ កូនក្តីរបស់លោក ជាមន្ត្រីកងអង្គរក្ស និងជាសមាជិកក្រុមប្រឹក្សាឃុំ។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងបានឲ្យដឹងថា សំណុំរឿងនេះ កំពុងមានអ្នករត់ការ ជួយសម្របសម្រួលឲ្យ តុលាការបន្ធូយបន្ថយទោសដោយ ជួយកាត់តម្រឹម ដោយអនុវត្តទោសក្នុងពន្ធនាគារលើ ជនជាប់ចោទទាំងពីរនាក់ ត្រឹមថ្ងៃប្រកាសសាលក្រម តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជាការរង កងអង្គរក្ស សម្តេច តេជោ ហ៊ុន សែន ធ្លាប់បានអះអាងប្រាប់អ្នកសារព័ត៌មាន ដោយច្រានចោលថា ជនជាប់ចោទឈ្មោះ ស៊ុន សៀង គ្មានឈ្មោះ ជាមន្ត្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស របស់សម្តេច តេជោ ហ៊ុន សែន នោះទេ។

លោក ឧត្តមសេនីយ៍ឯក សុខ ចារុណ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានជនណា ហ៊ានយកតួនាទីជាកងអង្គរក្ស ទៅប្រើប្រាស់ ដោយខុសច្បាប់ និងខុសពីកាតព្វកិច្ចរបស់ខ្លួន ពោលគឺដើរបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍ទុច្ចរិតផ្សេងៗ ព្រោះទង្វើបែបនេះជាការធ្វើឲ្យបះពាល់ដល់ ស្ថាប័នកងអង្គរក្ស យ៉ាងធ្ងន់ធ្ងរ និងមិនអាចលើកឲ្យបាននោះទេ។

កាលពីពេលថ្មីៗ កន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអំពាវនាវឲ្យតុលាការ ចាត់ការតាមច្បាប់ឲ្យតឹងរឹងបំផុត ចំពោះជនណា ទោះជាពាក់ផ្កាយប៉ុន្មានក៏ដោយ ដែលហ៊ានយក តួនាទីជាកងអង្គរក្សទៅប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ។

ដោយឡែកយោងតាម ប្រកាស លេខ ៥១៩ ប្រ.ក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានហត្ថលេខា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ បានសម្រេច ដកបេក្ខភាពជនជាប់ចោទឈ្មោះ ហេង សាន ពីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយដាក់បេក្ខភាពថ្មីជំនួសវិញ។

សូមជម្រាបជូនថា ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ ២រូប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារ តាមរយៈដីកាបង្គាប់ឲ្យឃុំខ្លួន ចំនួន ២ ក្នុងសំណុំរឿងពីរផ្សេងៗគ្នា រួមមាន៖

-ទី១ ដីកា បង្គាប់ឲ្យឃុំខ្លួន របស់ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ជនត្រូវចោទ ទាំង២នាក់ ពីបទ ឆបោក ប្រាក់កក់ថ្លៃដី ចំនួន ៥ម៉ឺនដុល្លារ ពីជនរងគ្រោះ ប្រព្រឹត្តនៅអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោកនេះ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។

-ទី២ដីកា បង្គាប់ឲ្យឃុំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចុះទី១៧ ខែមករា ឆ្នាំ២០១៨ ដោយចោទប្រកាន់ ជនត្រូវចោទទាំង ២នាក់ ខាងលើពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដោយក្លែងបន្លំស្នាមេដៃប្រជាពលរដ្ឋ ជាង១០០នាក់ថាជាម្ចាស់ដីនៅខេត្តកំពត ចំនួន ៦០០០ ហិកតា និងប្រើតួនាទីជាកងអង្គរក្ស សម្តេច តេជោ ដើម្បីទៅលក់ដីខ្យល់នោះទៅឲ្យជនរងគ្រោះ បោកប្រាស់យកលុយ ប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមបទចោទ ឆបោក ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ។ ចំណែកបទចោទ ក្លែងបន្លំ ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងបទ ប្រើប្រាស់លិខិតក្លែង ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១ឆ្នាំ៕

មតិយោបល់