ព័ត៌មានជាតិ

មន្ត្រីអង្គការជំរិតទារលុយមួយពាន់ដុល្លារពីឈ្មួញរកស៊ីសត្វព្រៃ

​​ក្រចេះ​: ​មន្ត្រី​អង្គការ​ការពារ​បរិស្ថាន​ និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​បាន​ជំរិត​ទារប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ​ពី​ឈ្មួញ​រកស៊ី​ដឹក​សត្វព្រៃ ​ក្រោយពេល​ឃាត់​រថយន្ត​មួយគ្រឿង​លួច​ដឹក​សាច់​សត្វព្រៃ​(​ជ្រូកព្រៃ​និង​ឈ្លូស​) ​ទុក​អស់​រយៈពេល​ជាច្រើន​ម៉ោង​។ ​ប៉ុន្តែ ​ដោយសារ​ការចរចា​គ្នា​មិនត្រូវ​ក៏​ចាប់យក​រថយន្ត​ទៅ​ទុក​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​ដី​សម្បទាន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​នៅ​ព្រឹកថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ម្នាក់ ដែលមាន​ឈ្មោះ ភឿន ប៊ុនធឿន ហៅ តូច ជា​នាយករង​ទី​២ នៃ​អង្គការ ការពារ​បរិស្ថាន និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា និង​បក្ខពួក​៦​នាក់​ទៀត​បាន​ឃាត់​រថយន្ត​មួយគ្រឿង​ដឹក​សាច់​សត្វព្រៃ​ចំនួន​៩៦​គីឡូក្រាម​។ ​ក្នុងនោះ ​សាច់ជ្រូក​ព្រៃ​ចំនួន​៥០​គីឡូក្រាម ​សាច់​ឈ្លូស​៤៦​គីឡូក្រាម ​ដែល​ឃាត់ទុក​តាំងពី​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨ ​ខែមិថុនា ​ឆ្នាំ​២០១៦ ​រហូតដល់​រសៀល​ថ្ងៃ​ដដែល​ ដោយ​ជំរិត​ទារប្រាក់​ពី​ឈ្មួញ​រកស៊ី​ដឹក​សាច់​សត្វព្រៃ ចំនួន​មួយ​ពាន់​ដុល្លារ ថ្នូរ​ទៅនឹង​ការដោះលែង​។

​ប្រភពព័ត៌មាន​ដដែល​បាន​បន្តថា ប៉ុន្តែ​ក្រោយពី​មានការ​ចរចា​គ្នា​រវាង​មន្ត្រី​អង្គការ ការពារ​បរិស្ថាន​រូប​នោះ និង​ខាង​ឈ្មួញ​រកស៊ី​សាច់​សត្វព្រៃ អស់​រយៈពេល​ជាច្រើន​ម៉ោង​មិន​ចុះសម្រុង​គ្នា​ក៏បែកការណ៍​​ទើប​មានការ​ចាប់​ឃាត់​រថយន្ត​ដឹក​សាច់​សត្វព្រៃ​នោះ​យកទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពេលនោះ​តែម្ដង៕​

មតិយោបល់