ព័ត៌មានជាតិ

ក្រុមអ្នកផលិតវីដេអូ YouTube ចម្លាក់ដីដ៏ល្បីឈ្មោះមួយ នៅខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្តោះអាសន្ន

យើងធ្លាប់ដឹងហើយថា កន្លងមកនេះចម្លាក់ក្រោមដី ដែលមានរាងជាបន្ទប់គេង មានគ្រែ សាឡុង តុ និងចម្លាក់តាមជញ្ជាំង និងចម្លាក់ផ្សេងៗមួយចំនួនទៀត បានទាក់ទាញ ការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិជិតឆ្ងាយឱ្យទៅទស្សនាជាច្រើន។ ដែលភាពទាក់ទាញ ទាំងនោះដោយសារជាចម្លាក់កម្រ និងមិនធ្លាប់បានឃើញផ្ទាល់នាពេលកន្លងមកដែលក្រុម អ្នកផលិតវីដេអូ YouTube ដ៏ល្បីឈ្មោះមួយបង្កើតឡើងសម្រាប់ថតផ្សព្វផ្សាយ ក្នុងបណ្ដាញ YouTube។ ប៉ុន្តែឥឡូវនេះសកម្មភាពនៃការផលិតចម្លាក់ដីទាំងនេះ ត្រូវបានផ្អាកជាបណ្តោះ អាសន្នហើយ។

លោក ពាញ សេដ្ឋា ស្ថាបនិក និងជាអ្នករចនាម៉ូដចម្លាក់ក្រោមដី ស្ថិតនៅភូមិគោកតើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះថា នៅប៉ុន្មានខែចុងក្រោយនេះ ក្រុមការងាររបស់លោកបានជួបការលំបាកជាច្រើនដូច ជា៖ ទី១. ចំនួនអ្នកចូលមើលក្នុងយូធូបមានការថយចុះ, ទី២. ការទៅទស្សនាផ្ទាល់ត្រូវបាន បិទមួយរយៈដោយសារការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩ និងទី៣. រដូវនេះមានភ្លៀងធ្លាក់ ពិបាកក្នុងការធ្វើដោយសារដីបាក់រលុះ និងត្រូវចំណាយថវិកាច្រើន។ ដូច្នេះហើយបានជាក្រុម ការងាររបស់លោកសម្រេចផ្អាកសកម្មភាពធ្វើចម្លាក់នេះជាបណ្តោះអាសន្នសិន។

លោកបានបន្តថា បច្ចុប្បន្ននេះចំណូលបានពីយូធូបតិចតួចណាស់ ជួនណាខែខ្លះ អត់ទាំងស្រុងក៏មាន។ លោកយល់ឃើញថា ការបាត់ចំណូលពីយូធូបរបស់ក្រុមលោក នៅ ពេលនេះ ម៉្យាងអាចបណ្តាលមកពីការបិទមិនឱ្យមានពាណិជ្ជកម្មដល់អ្នកមើលនៅប្រទេស កម្ពុជា ហើយម៉្យាងទៀតអាចបណ្តាលមកពីមិនសូវមានពាណិជ្ជកម្មចូលក្រុមហ៊ុនយូធូបដែល ធ្វើឱ្យខាងក្រុមហ៊ុនយូធូប មិនសូវផ្តល់ចំណូលមកឱ្យយើងជាអ្នកផលិត។ កត្តាទាំងអស់នេះ គឺអាចបណ្តាលមកពីការផ្ទុះនៃមេរោគកូវីដ-១៩។ តែទោះជាបាត់បង់ចំណូលផ្នែកយូធូបយ៉ាង នេះក្តី សម្រាប់ក្រុមអ្នកដឹកនាំផលិតមិនសូវប៉ះពាល់ជីវភាពខ្លាំងទេ ដោយសារគាត់មានរបរ ផ្សេងៗទៀត ប៉ុន្តែសម្រាប់ក្រុមកម្មករអ្នកធ្វើ បានជួបការលំបាកខ្លាំងផ្នែកជីវភាព។

លោក ពាញ សេដ្ឋា បានបញ្ជាក់ថា ដំណើរការនៃការធ្វើចម្លាក់ផ្ទះក្រោមដី និងចម្លាក់ដី ផ្សេងៗទៀតកន្លងមកនេះ គឺមានការគាំទ្រពីអាជ្ញាធរមូលដ្ឋានចាប់ពីអាជ្ញាធរឃុំ រហូតដល់ ខេត្ត។ លោកក៏មានសំណូមពរដែរថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្បើយ ហើយ វិស័យទេសចរណ៍ដំណើរការឡើងវិញ សូមក្រសួងទេសចរណ៍អនុញ្ញាតឱ្យក្រុមលោកបង្កើត ចម្លាក់ដីទាំងនេះ ជាកន្លែងទេសចរណ៍ស្របច្បាប់ និងស្នើដល់ខាងរដ្ឋបាលព្រៃឈើជួយ ផ្តល់ ដីក្នុងសហគមន៍មួយផ្នែកណាមួយសម្រាប់ពួកលោកធ្វើចម្លាក់ដីផ្សេងៗទៀតសម្រាប់ឱ្យភ្ញៀវទេសចរទៅទស្សនា។

លោក ពាញ សេដ្ឋា បានរៀបរាប់ថា តាមពិតលោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពី ផ្នែកចម្លាក់អីទេ ប៉ុន្តែដោយការស្រឡាញ់ ចូលចិត្ត លោកបានច្នៃ និងឆ្លាក់រូបភាពទាំង នេះឡើង។ បច្ចេកទេសនៃការកែច្នៃនេះ គឺកើតឡើងពីកម្លាំងមនុស្សសុទ្ធសាធ ដោយប្រើ ឧបករណ៍សាមញ្ញៗសម្រាប់ជីកកាយដីដោយផ្ទាល់ដៃ។ ទាំងនេះ គឺជាស្នាដៃសិល្បៈ និងជាគំនិតច្នៃ ប្រឌិតរបស់កូនខ្មែរសុទ្ធសាធ។ ស្នាដៃទាំងនេះ គឺទទួលការចាប់ អារម្មណ៍ជា ខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុស តាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ជាពិសេសនៅថ្ងៃសម្រាក ឬថ្ងៃពិធីបុណ្យជាតិ ផ្សេងៗ៕

 

ប្រភព៖​​​​​​ AKP

 

 

មតិយោបល់