ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី អះអាងថា នឹងមិនបណ្ដេញមន្ត្រីការទូតរុស្ស៊ីទ្បើយ ខណៈបណ្ដាប្រទេសជាង ២៥ ហើយ ចាត់វិធានការនេះ

តួកគីៈ រហូតមកទល់ពេលនេះ បណ្ដាប្រទេសជាង ២៥ ហើយ ក្នុងរួមមានទាំងសមាជិកសហភាពអឺរ៉ុប ក៏ដូចជាអាមេរិកជាដើម បានបណ្តេញមន្ត្រីការទូតរុស្ស៊ីជាង ១៤០ នាក់ ចេញពីប្រទេសរបស់ពួកគេ ពាក់ព័ន្ធនឹងករណីបំពុល សម្លាប់អតីតចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

កាសែតទួកគី Habertürk បានរាយការណ៍ថា ប្រធានាធិបតីទួកគីលោក Tayyip Erdogan បានបញ្ជាក់ពីជំហររបស់ខ្លួនថា មិនមានបំណងចាត់វិធានការប្រឆាំងនឹងរុស្ស៊ីនោះទេ ទាក់ទងនឹងករណីរបស់លោក Skripal ។

ដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់អ្នកតំណាងផ្លូវការរបស់ក្រសួងការបរទេសតួកគី លោក Hami Aksoy បានបន្ថែមថា ប្រទេសទួកគី បានថ្កោលទោសចំពោះអ្វីដែលបានកើតឡើង នៅចក្រភពអង់គ្លេស ហើយចាត់ទុកថា ការប្រើប្រាស់អាវុធគីមីនេះ ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ប្រភពដដែល បានបញ្ជាក់ទៀតថា ក្រុងអង់ការ៉ា កំពុងស្វែងរកការស៊ើបអង្កេតលើករណីនេះ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស ហើយនាំយកពួកគេទៅកាន់តុលាការ។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុងមូស្គូបានសង្កត់ធ្ងន់ថា ការបណ្ដេញមន្ត្រីការទូតខ្លួន ចេញពីប្រទេសទាំងនោះ មិនអាចជួយអ្វីបានទ្បើយ សម្រាប់ស៊ើបអង្កេតលើឧបទ្ទវហេតុនោះ៕

មតិយោបល់