ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចម្រុះ១ក្រុម រួមមាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រោមការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែង។

ដោយបានរកឃើញកញ្ឆាចំនួន៧៨ដើម ព្រមទាំងចាប់ខ្លួនម្ចាស់កញ្ឆានោះ ដែលជាជនជាតិអង់គ្លេសម្នាក់ នាំទៅធ្វើការសាកសួរផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បាននិយាយថា បុរសជាជនជាតិអង់គ្លេស ដែលជាអ្នកដាំកញ្ឆានោះ ឈ្មោះBrewer Wanyne អាយុ៥០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះខាងលើ បានបញ្ជូនទៅធ្វើការសាកសួរ នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិព្រែកប្រណាក បានបាត់គោហើយបានចូលទៅរក នៅក្នុងព្រៃចំណុចក្រោយផ្ទះរបស់ជនបរទេសរូបនេះ។ ខណៈនោះ ក៏បានប្រទះឃើញសុទ្ធតែដើមកញ្ឆា ទើបប្រជាពលរដ្ឋរាយការណ៍ជូននគរបាល ឲ្យចុះទៅពិនិត្យមើល។

នៅពេលកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងខាងលើ បានរកឃើញកញ្ឆាចំនួន៧៨ដើម ដែលក្នុងនោះមានចំនួន៥៣ដើម ត្រូវបានកាប់បំផ្លាញចោល និងចំនួន២៥ដើមទៀតនៅរស់ជាប់ដី ហើយត្រូវបានកម្លាំងកាប់បំផ្លាញចោល។

ក្រោយមកកម្លាំង បានធ្វើការឃាត់ខ្លួនបុរសជនជាតិអង់គ្លេស ដែលជាម្ចាស់កញ្ឆានេះ នាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់