ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការកាត់ទោស បុរសម្នាក់ ពាក់ព័ន្ធសំណុំរឿង សម្លាប់កូនស្រីអាយុ២ខួប រួចបន្តទៅសម្លាប់ឪពុកក្មេកនៅស្វាយរៀង។
លោក ស៊ឺ ឡងឌី តំណាងអយ្យការ នៃសវនាការ បានចោទប្រកាន់ លើឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ពីបទ ឃាតកម្ម គិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ អង សំណាង បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការមែន ដោយសារតែខ្លួនខឹងនឹងម្តាយក្មេក។
គួររំលឹកថា កម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាប់ចោទខាងលើកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិទួល អាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយពីរូបគេបាន យកខ្សែភ្លើងរឹតក សម្លាប់កូនស្រីបង្កើតឈ្មោះ ព.ច.រ.យ ដែលមានអាយុទើបតែ ២ឆ្នាំ នៅក្នុងផ្ទះជួល មួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបន្តទៅច្របាច់កសម្លាប់ឪពុកក្មេក ឈ្មោះ ពេជ ជឿ ភេទប្រុស អាយុ ៥៧ឆ្នាំ ដែលកំពុង សម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧។
ទោះជាយ៉ាងណាលោកចៅក្រមបានសម្រេចប្រកាសសាលក្រមលើសំណុំរឿងខាងលើនេះនៅព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨ខាងមុខ៕
មតិយោបល់