ព័ត៌មានជាតិ

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា ខូចខាតយ៉ាងដំណំ!

ភ្នំពេញៈ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀត បើករថយន្តធុនដ្រាមួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាពីក្រោយ រុញទៅបុករថយន្តហាយលែនឌ័រមួយគ្រឿងទៀត ខណៈដែលរថយន្តទាំង៣គ្រឿង កំពុងបើកវ៉ាក់អឺនឹងម៉ូតូកង់បីមួយគ្រឿង ចតចោលនៅលើដងផ្លូវតកន្ទុយគ្នា ខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់ហង្សនាគ នៅផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿង មិនចាំស្លាកលេខ បានចតនៅលើដងផ្លូវទិសដៅពីត្បូងទៅជើង នៅចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហាយលែនឌ័រ បានបើកមកពីក្រោយ បានវ៉ាក់អ៉ឺនឹងម៉ូតូកង់បី បានជាន់ហ្វ្រាំងឈប់ ស្រាប់តែមានរថយន្តកូរ៉ូឡាមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1356 បើកបរដោយបុរសម្នាក់មកពីក្រោយចាប់ហ្វ្រាំងឈប់ដូចគ្នាត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6184 បើកបរដោយបុរសម្នាក់រួមដំណើរនិងមិត្តភក្តិ៣នាក់ទៀតមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តកូរ៉ូឡាពីក្រោយរុញទៅបុករថយន្តហាយលែនឌ័រ បណ្តាលឲ្យរថយន្តកូរ៉ូឡាខូចខាតផ្នែកខាងមុខខាងក្រោយយ៉ាងដំណំ។ ភ្លាមៗនោះម្ចាស់ម៉ូតូកង់បីឃើញសភាពមិនស្រួលបានបើកម៉ូតូកង់បីគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល។ ចំណែករថយន្តហាយលែនឌ័រត្រូវបានម្ចាស់រថយន្តបង្កចុះមកសម្របសម្រួល និងចេញសំណងចំនួន៣០ដុល្លារ ដើម្បបញ្ចប់រឿងហើយបានបើកចេញពីកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានឲ្យភាគីខាងម្ចាស់រថយន្តធុនដ្រា សម្របសម្រួលជាមួយម្ចាស់រថយន្តកូរ៉ឡា ដោយមិនចង់ឲ្យមានវែងឆ្ងាយខាងម្ចាស់រថយន្តធុនដ្រាបានចេញសំណងឲ្យខាងម្ចាស់ក៉ូរ៉ូឡាចំនួន២៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់