ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្រង់សិល្បៈបុរាណច្រើនផ្នែក ត្រូវបានរំលេចឆាក«គ្រួសារតារាកម្ពុជា»

ក្នុងវេទិកាប្រគំតន្ត្រីរបស់គ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន មិនត្រឹមតែមានកម្មវិធីសិល្ប:លើកស្ទួយពីចង្វាក់ប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាស់កកាយទម្រង់សិល្ប:បុរាណយ៉ាងសម្បូរបែបយកមកបង្ហាញផងដែរ ទាំងការសម្ដែងកាលពីថ្ងៃបើកឆាកនៅថ្ងៃទី៣០ មីនា និងថ្ងៃទី៣១ មីនា យប់មិញ។ ក្រៅពីរំលេចនូវសម្លៀកបំពាក់ឲ្យត្រូវនឹងទម្រង់ប្រពៃណីខ្មែរ ឲ្យសមនឹងឱកាសបុណ្យចូលឆ្នាំខ្មែរដែលខិតជិតដល់ សិល្ប:ទម្រង់បុរាណជាច្រើនផ្នែកក៏ត្រូវគាស់រំលើងឡើងផងដែរ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នករៀបទម្រង់សិល្ប:ទាំងស្រុងក្នុងព្រឹត្តិការណ៍តន្ត្រីរបស់ព្រឹត្តិការណ៍ពោធិសែនជ័យសង្ក្រាន បានអះអាងថាកម្មវិធីដែលបានធ្វើឡើងនេះ មិនត្រូវឲ្យតារាទាំងអស់រំលេចបទបែកស្លុយនោះទេ បើទោះជាកម្មវិធីទាំងមូលមានការចូលរួមដោយតារាយុវវ័យមួយចំនួន។ ទាំងសម្លៀកបំពាក់ត្រូវបានកំណត់ឲ្យស្លៀកជាទម្រង់បុរាណ ដោយបទចម្រៀងក៏តម្រូវតែបទជាចង្វាក់ប្រពៃណីខ្មែរផងដែរ។ អ្វីដែលសំខាន់ទម្រង់កម្មវិធីទាំងបានរំលេចឲ្យឃើញនូវជាតិ សាសនា ព្រះមហាក្ស័ត្រ ដោយក្រៅពីបង្ហាញរបស់ទង់ជាតិទាំង៣ ក៏តម្រូវឲ្យសិល្បករសិល្បការិនី គាស់ឡើងវិញនូវសិល្ប:បុរាណរបស់ជាតិយកមកបង្ហាញផងដែរ។ ការសម្ដែងសិល្ប:ក្នុងថ្ងៃបើកឆាក សិល្បករសិល្បការិនីយ៉ាងច្រើនកុះករ បានបកស្រាយបទរួមគ្នានូវបទចម្រៀង«ពង្សាវតាខ្មែរ» អមដោយសំលៀកបំពាក់ប្រពៃណីជាតិ និងបានរំលេចនូវទម្រង់សិល្ប:បុរាណដ៏ផូរផង់មួយ គឺសកម្មភាពដើរបង្ហាញម៉ូដរបស់ក្រុម BN ដើម្បីឲ្យខ្មែរ និងយុវ័យមើលឃើញពីតម្លៃសម្លៀកបំពាក់បែបស្រុកស្រែថ្លៃថ្នូររបស់ខ្មែរ និងសំលៀកបំពាក់ក្បិន៧ពណ៌ដែលយុវវ័យបច្ចុប្បន្នមើលរំលង។ កញ្ញា រំដួលលិចទឹក គឺជាតារាមួយរូប ដែលបានរំលេចឲ្យឃើញនូវភាពច្នៃប្រឌីតពាក់ព័ន្ធនឹងវប្បធម៌ និងបានបង្ហាញឲ្យឆាកតន្ត្រីទាំងមូលមើលឃើញពីតម្លៃនៃការច្នៃប្រឌិត។

តាមការកត់សម្គាល់ អ្នកនាង ខាត់ សុឃីម និងតារាជាច្រើនផ្សេងទៀត បានធ្វើឲ្យកញ្ជ្រោលឡើងវិញនូវចង្វាក់ជាប្រពៃណីជាតិយ៉ាងខ្លាំង ខណ:ដែលបទចម្រៀងដែលអ្នកនាង និងតារាភាគចច្រើនបកស្រាយធ្វើឲ្យមានការចូលចិត្តជាថ្មីនូវចង្វាក់ពិតប្រាកដរបស់ខ្មែរ។ លោកយក់ ដួងតារា បានបង្ហាញឲ្យនឹកឡើងវិញនូវទម្រង់ល្ខោនបាសាក់ និងយីកេ ខណ:ដែលលោក និងអ្នកនាងខាត់ សុឃីម ព្រមទាំងលោកសាន សុវណ្ណឌឿន ក៏បានបង្ហាញឲ្យស្គាល់ឡើងវិញនូវទម្រង់ចាប៉ីដងវែង។ នៅថ្ងៃទី២ សម្លៀកបំពាក់ជាតិ និងបទចម្រៀងជាតិកាន់តែច្រើនត្រូវបានគាស់យកមកបង្ហាញ ហើយគេកត់សម្គាល់ថាអ្នកឈរទស្សនា កកកុញ ចូលចិត្តខ្លាំងជាងដាក់បទចម្រៀងបែកស្លុយឲ្យរាំនោះផង។ ពិធីករ៨រូបទាំងថ្ងៃទី១ និងទី២ រួមមាន កញ្ញាណាតាហ្សា លោកព្រហ្ម ប្រសិទ្ធី កញ្ញាយ៉ែម ស្រីពេជ្រ លោក យន វុទ្ធធី កញ្ញា ប៊េប៊ី លោកយ៉ារ៉ូ លោកហាក់ ធៀមុនី និង កញ្ញាវ៉ាន់ លីលី សុទ្ធតែបានបង្ហាញឲ្យឃើញនូវទម្រង់នៃសម្លៀកបំពាក់ជាតិ ដែលធ្វើឲ្យក្រសែភ្នែកជាតិ និងអន្តរជាតិដែលបានទៅផ្ទាល់ និងបានទស្សនាកម្មវិធីផ្សាយរបស់ផុសកម្សាន្ត មើលឃើញពីភាពផូរផង់របស់ខ្មែរ ខណ:ដែលអ្នកនាងម៉ៅ ស៊ីណាត និងតារាចម្រៀងផ្សេងទៀត ក៏បានរំលេចនូវបទចម្រៀងជាចង្វាក់ប្រពៃណីជាតិ តែមានអ្នកចូលរួមកុះករខ្លាំងជាងជំនាន់ចង្វាក់បែកស្លុយត្រូវប៉ាន់កាលពី២ឆ្នាំមុនទៀតទៀត។

អ្នកនាងឈួន សុវណ្ណឆៃ គឺជាតារាមួយរូប ដែលបានរំលេចនូវរបាំបុរាណខ្មែរនៅក្នុងព្រឹត្តិការណ៍សង្ក្រាន ក្នុងពេលដែលលោកម៉ាដូណា ដ្បិតថាបានបកស្រាយបទOriginal Song ដែលជាបទនំនើបក៏ពិតមែន ប៉ុន្តែបានរំលេចនូវរបាំក្ងោក ធ្វើឲ្យវប្បធម៌បុរាណមួយរបស់ខ្មែរត្រូវផុសឡើង។ នេះគ្រាន់តែជាទម្រង់ត្រួសៗនៃពោធិសែនជ័យសង្ក្រាន ដែលបានរំលេចឡើងកាលពី២ថ្ងៃកន្លងទៅប៉ុណ្ណោះ ប៉ុន្តែមិនទាន់បញ្ចូលនូវការកំណត់ឲ្យច្រៀងនូវបទចម្រៀងដែលមានដាស់អារម្មណ៍កូនខ្មែរឲ្យស្រឡាញ់នូវវប្បធម៌ជាតិឡើងវិញ ដើម្បីឲ្យត្រូវនឹងការចង់បានរបស់ដូនតានោះផង។ យ៉ាងណាមិញ គេកត់សម្គាល់ថាទម្រង់បុរាណនៅពេលត្រូវបានចងក្រង ហើយមានបែបបទក្បួនខ្នាត គឺមានការគាំទ្រមិនគួរឲ្យជឿ ក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជាក្នុងព្រឹត្តិការណ៍នេះ។

អ្វីដែលគួរឲ្យសរសើរគឺតារាសិល្ប: និងយុវវ័យជំនាន់ក្រោយមានការចូលរួម និងពុះកញ្ជ្រោលនឹងទម្រង់បុរាណទាំងនោះ មិនចាញ់នឹងចង្វាក់បែកស្លុយទេ ទើបអ្នកណាក៏មើលឃើញថាសង្ក្រានឆ្នាំថ្មីឆ្នាំនេះ សិល្ប:ទម្រង់បុរាណហាក់ត្រូវបានកូនខ្មែរដក់អារម្មណ៍ឡើងវិញ រហូតដល់ថ្នាក់សង្ក្រានស្ទើរទាំងអស់ដែលបានធ្វើឡើងបែរជាតម្រូវឲ្យច្រៀង និងរាំតែចង្វាក់ខ្មែរ ដើម្បីតម្រូវចិត្តអ្នកចូលរួមទៅវិញ។ ក្នុងនោះតារារាំអមវេទិកា ក្រៅពីមានសាមគ្គីភាពបានល្អ ម្នាក់ៗក៏ប្រែជាមានចំណូលចិត្តនឹងចង្វាក់ប្រពៃណីខ្មែរទាំងនោះផងដែរ៕

មតិយោបល់