ភ្នំពេញៈ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្តោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានរថយន្តកាមរីមួយគ្រឿងបើកបញ្ច្រាសទិសដៅគ្នាបុកពេញទំហឹង ខណៈដែលជនរងគ្រោះជិះម៉ូតូចេញពីកាត់ចំណងដៃមិត្តភក្តិត្រឡប់ទៅផ្ទះវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនតី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជយ័។
សពជនរងគ្រោះមានឈ្មោះ វន រត្ន័ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-3372 ទើបនឹងចេញពីកាត់ចំណងដៃមិត្តភក្តិនៅម្តុំកំបូល បំណងជិះត្រឡប់ទៅផ្ទះវិញ បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកាមរីមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរបញ្ចា្រសទិសដៅគ្នាពីជើងទៅត្បូង បានរេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹងយកទៅសង្គ្រោះ តែអកុសល ដោយសាតែជនរងគ្រោះរងរបួសធ្ងន់ពេក បានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកសពជនរងគ្រោះយកមកទុកនៅនឹងកន្លែងកើតហេតុវិញ។
ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
មតិយោបល់