ភ្នំពេញៈ រថយន្តដឹកឥដ្ឋ១គ្រឿង បើកបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររបួសស្រាល សង្ស័យដាច់ហ្វាំ្រង។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង ៣៥នាទីថ្ងៃ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ផ្លូវភ្នំពេញហាណូយ មុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីអ្នកបើកបរឈ្មោះ រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅខេត្តកណ្តាល បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3D-3247 ដែលដាក់ឥដ្ឋពេញរថយន្តចេញពីម្តុំព្រែកអញ្ចាញខេត្តកណ្តាល បំណងយកទៅឲ្យគេនៅកៀនស្វាយ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចខាងលើស្រាប់តែរថយន្តបានដាច់ហ្វ្រាំងជាន់មិនសុី ហើយដោយសារតែខ្លួនខាចរថយន្តដែលកំពង់បើកនោះទៅបុកនិងរថយន្តអ្នកដំណើរដែលបើកនៅខាងមុខទើបខ្លួនបួងចង្កូតឡើងលើសួនច្បារបានប្រហែលជា១០០ម៉ែត្រ រថយន្តក៏ទៅបុកនឹងបង្គោលបំភ្លឺផ្លូវពេញទំហឹង ទើបអស់ល្បឿនទៅមុខលែងរួច និងបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល។ ចំណែករថយន្តរងការខូចខាតខាងមុខយ៉ាងដំណំ ដោយឡែក បង្គោលភ្លើង១ដើមបានទ្រេត។
ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានទាក់ទងទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកដើម្បីឲ្យម្ចាស់ទៅដោះស្រាយនៅពេលក្រោយ៕
មតិយោបល់