ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវបានមេការរោងចក្រទឹកកកអនាម័យ ដាល់ចំៗមុខចំនួន៣ដៃ បណ្តាលឲ្យបែកចិញ្ចើម

ភ្នំពេញៈ ស្រ្តីម្នាក់ត្រូវបានមេការនៅរោងចក្រទឹកកកវាយធ្វើបាបបណ្ដាលឲ្យរងរបួសបែកចិញ្ចើមខាងស្ដាំ ហូរឈាមកក្លាក់ បន្ទាប់ពីមានទំនាស់គ្នាបន្តិចបន្តួច។ ក្រោយមកស្ត្រីរងគ្រោះខាងលើបានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដាក់ពាក្យប្ដឹងសុំអន្តរាគមន៍ផងដែរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងរោងចក្រផលិតទឹកកកអនាម័យ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើឈ្មោះ ទេព រ៉ន អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រទឹកកកខាងលើ និងស្នាក់នៅក្នុងភូមិកើតហេតុនោះដែរ។ ចំណែកមេការដែលជាជនដៃដល់ឈ្មោះ សៅ ហើយបន្ទាប់ពីស្រ្តីរងគ្រោះទៅប្ដឹងនគរបាលប៉ុស្តិ៍បានទទួលពាក្យបណ្ដឹងដើម្បីចាត់ការតាមច្បាប់ហើយ។

ស្រ្តីខាងលើបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ មេការម្នាក់នោះបានប្រើឲ្យគាត់ធ្វើការងារជាច្រើនអស់ពីធ្វើនេះ ធ្វើនោះ ។ដោយធ្វើមួយកន្លែងមិនទាន់រួចផងប្រើឲ្យទៅធ្វើមួយកន្លែងទៀត ពេលនោះគាត់បានតមាត់បន្តិចបន្តួចក៏ក្លាយជាទំនាស់ពាក្យសម្ដីគ្នា។ បន្ទាប់មកមេការរូបនោះស្ទុះវាយគាត់ចំនួន៣ដៃ បណ្ដាលឲ្យបែកចិញ្ចើមខាងស្ដាំហូរឈាម ទើបគាត់សម្រេចដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ចាត់ការតាមច្បាប់តែម្ដង៕

មតិយោបល់