ព័ត៌មានកីឡា

មានអ្នកគាំទ្រ និងមិនគាំទ្រចំពោះវីដេអូជំនួយ VAR

បន្ទាប់ពីមានលីគកំពូលនៅអឺរ៉ុបខ្លះ ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាវីដេអូជំនួយ VAR ហើយលីគកំពូលខ្លះទៀត មិនប្រើប្រាស់នោះ មានបញ្ហាមួយចំនួនបានកើតឡើង ទាក់ទងនឹងការពេញចិត្ត និងមិនពេញចិត្តចំពោះ ការប្រើប្រាស់វីដេអូជំនួយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត​ Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធកូឡុំប៊ី Rademel Falcao ហាក់មិនពេញចិត្តចំពោះ ការប្រើប្រាស់ វីដេអូជំនួស VAR នៅបារាំងឡើយ។ ការមិនពេញចិត្តនេះ ដោយសារតែគ្រាប់បាល់​១គ្រាប់ដែលរូបគេតែតបញ្ចូលទីលើក្រុម Paris Saint Germain ក្នុងអំឡុងប្រកួត ផ្តាច់ព្រ័ត្រ​ France League Cup ត្រូវបានអាជ្ញាកណ្តាលមិនឲ្យវិញ។ Falcao បាននិយាយថា​ VAR កំពុងសម្លាប់បាល់ទាត់ ព្រោះថាកំហុសតែបន្តិចបន្តួច ក៍ត្រូវចាប់បានដែរ ជាហេតុធ្វើឲ្យបាល់ទាត់មិនរស់រវើកដូចមុនឡើយ។

យ៉ាងណាវិញ បើយើងក្រឡេកទៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស​ឯណោះវិញ បើតាមការចុះ​ផ្សាយរបស់ Daily Mail បានឲ្យដឹងថា​ លោក Paul Lambert គ្រូបង្វឹក Stoke City បែរជាចង់ឲ្យ Premier League ប្រើប្រាស់វីដេអូជំនួយ VAR វិញ។ លោក Lambert បានលើកឡើងក្រោយចាញ់ Arsenal ៣-០ ថា៖ យើងគួរប្រើវីដេអូជំនួយ ព្រោះយើងបានមើលឃើញ​ពីកំហុសរបស់អាជ្ញាកណ្តាលដែលកាត់សេចក្តី ក្នុងទីលាន មានការខ្វះចន្លោះច្រើន ហើយតែងតែបង្កកំហុស រាល់ការប្រកួតជាច្រើន នាពេលកន្លងមក ជាក់ស្តែង ដូចជាការប្រកួតជាមួយ Arsenal អ៊ីចឹង ដែលលោកអាជ្ញាកណ្តាល ផ្តល់បាល់ ១១ម៉ែត្រឲ្យ Araenal ទាំងមិនសមហេតុផល។

ដូច្នេះហើយ វីដេអូជំនួយ VAR មានទាំងអ្នកដែលពេញចិត្ត និងមិនពេញចិត្តដាក់​ឲ្យប្រើប្រាស់ ដោយសារតែវា អាចចាប់បានគ្រប់រូបភាព និងកំហុសទាំងអស់ ជាហេតុធ្វើឲ្យការប្រកួត កាន់តែប្រសើរជាងមុននោះ។

មតិយោបល់