ភ្នំពេញៈ បុរសដែលជាកម្មករសំណង់ម្នាក់ ខណៈដែលដើរឆ្លងផ្លូវទៅរកទិញស្បែកជើង លុះឆ្លងផ្លូវវិលត្រឡប់មកវិញ ត្រូវបានម៉ូតូស្កុបពីមួយគ្រឿងបោលទៅបុកបណ្តាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីខាងអ្នកថ្មើរជើង ជាកម្មករសំណង់ អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ក្បែរកន្លែងកើតហេតុ ។ ចំណែកភាគីខាងម៉ូតូ ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GI-6079 បើកបរដោយបុរសម្នាក់ អាយុជាង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជាភាគីខាងអ្នកដើរ បានដើរឆ្លងផ្លូវពីលិចទៅកើត ស្រាប់តែម៉ូតូស្កុបពីខាងលើបើកល្បឿនលឿនពីជើងទៅត្បូងជ្រុលទៅបុក បណ្តាលឲ្យដួលរងរបួសបែកក្បាលធ្ងន់ទាំងសងខាង។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ បានទៅពេទ្យដោយខ្លួនឯង ។ ចំណែកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់