ភ្នំពេញៈ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-2982 មួយគ្រឿង ដែលបានបាត់នៅឯខណ្ឌពោធិ៍សែនជ័យ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានម្ចាស់តាមរកឃើញតាមរយៈប្រព័ន្ធ GPS ត្រូវលាក់ទុកនៅក្នុងការ៉ាស់រថយន្តមួយកន្លែងនៅខណ្ឌច្បារអំពៅ។
ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅក្នុងកន្លែងផ្ញើរថយន្តមួយកន្លែង ដែលស្ថិតនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាពៅ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន សុវណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរម្ចាស់រថយន្តជួល ស្នាក់នៅផ្ទះលេខ១៥១ ផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។ មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ បុរសជាជនរងគ្រោះបានឲ្យបុរសម្នាក់ឈ្មោះ ង៉ូយ ម៉េងឃីម អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៣៩ ផ្លូវលេខ ២១ ភូមិព្រែកតាដូង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានយករយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់់ស្លាកលេខ ភ្នំពេញ 2V-2982 មួយគ្រឿងទៅដឹកភ្ញៀវ។
តាមប្រភពដដែលបាន ប្រាប់បន្តទៀតថា ក្រោយពេលដែលបុរសអ្នកបើកបររថយន្តរូបនោះ បានយករថយន្តទៅដឹកភ្ញៀវចេញទៅដឹកភ្ញៀវបាត់នោះ បុរសជាថៅកែព្យាយាមទូរសព្ទរកតែមិនចូល និងបាត់រហូតក៏រត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍កាកាបទី២ ឲ្យជួយធ្វើអន្តរាគមន៍ ជួយរកជាច្រើនថ្ងៃតែតេមិនចូល និងរកមិនឃើញ។ រហូតដល់រសៀលថ្ងៃទី ៣ ខែមេសា នេះ ទើប ម្ចាស់ធ្វើការស្រាវជ្រាវ រកតាម ប្រព័ន្ធ GPS រកឃើញនៅក្នុងកន្លែងផ្ញើរថយន្តមួយកន្លែងខាងលើ និងប្តឹងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនិង កម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រា មកយកទៅវិញតែអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីម្ចាស់តាមរកឃើញរថយន្តហើយនោះ ដោយម្ចាស់រថយន្តមានឯកសារ បញ្ជាក់ត្រឹមត្រូវភ្ជាប់មកជាមួយផងដែរនោះ កម្លាំងមានសមត្ថកិច្ចក៏បានហៅម្ចាស់ទីតាំងខាងលើ និងប្រាប់ពីហេតុផល និងយករថយន្តមួយគ្រឿងនោះវិលត្រឡប់ទៅវិញផងដែរ៕
មតិយោបល់