ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹង តាមTelegram នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ចៅក្រមស៊ើបសួរ (គ្មានឈ្មោះ) នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា ឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ទៀត ជាបណ្តោះអាសន្ននៅពន្ធនាគារហើយ។
សូមជម្រាបជូនថា លោកព្រះរាជអាជ្ញារង សៀង សុខ បានបើកការស៊ើបសួរ និងចោទប្រកាន់លើ៖
-ទី១ឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
-ទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណៈ និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
ទោះជាយ៉ាងណា តំណាងអយ្យការបានដោះលែង ជនសង្ស័យឈ្មោះ ចាន់ រី ភេទស្រី ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ ជាប្រពន្ធរបស់ ឈ្មោះ ជឹម វុធ ហៅ ថូត និងជនសង្ស័យឈ្មោះ តាក់ រតនា ភេទប្រុស អ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ឱ្យមានសេរីភាពវិញ ក្រោយពីរកឃើញថា មិនបានពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា មន្ត្រីរដ្ឋសភា និងជាស្រីកំណាន់លោក ឡាយ វណណៈ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការ ចំនួន ០៦នាក់រួម៖
-ទី១ឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
-ទី២ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ
-ទី៣ឈ្មោះ ចាន់ រី ភេទស្រី ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៤ឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៥ឈ្មោះ មេន សម័យ ភេទប្រុស ជាអ្នកបើកឡានឲ្យ លោក ឡាយ វណ្ណៈ
-និងទី៦ឈ្មោះ តាក់ រតនា ភេទប្រុស អ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា។
ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើតែម្តង៕
មតិយោបល់