ព័ត៌មានជាតិ

ទឹកដោះគោ ទឹកក្រូច ទឹកប៉េងប៉ោះ នំបង្គា ស្ករគ្រាប់ផ្លែឈើចម្រុះ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនត្រូវរកឃើញនៅតាមម៉ាត និងផ្ទះអ្នកលក់ទំនិញ ក្នុងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមបណ្តាម៉ាត និងគេហដ្ឋានលក់ទំនិញ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់។

  • ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣៦.៨៦ គីឡូក្រាម មានដូចជា៖
    ⁃ ទឹកក្រូច ចំនួន ៨ដប ស្មើនឹង ៧.២០លីត្រ
    ⁃ ទឹកដោះគោ ចំនួន ៤២ប្រអប់ ស្មើនឹង ១៩.០៤លីត្រ
    ⁃ ទឹកប៉េងប៉ោះ ចំនួន ៥ប្រអប់ ស្មើនឹង ៥លីត្រ
    ⁃ នំបង្គា ចំនួន ២កំប៉ុង ស្មើនឹង ០.២២គីឡូក្រាម
    ⁃ ទឹកក្រូចឆ្មា ចំនួន ៤ដប ស្មើនឹង ៣លីត្រ
    ⁃ ស្ករគ្រាប់ផ្លែឈើចម្រុះ ចំនួន ២៤កញ្ចប់ ស្មើនឹង ២.៤០គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់