ព័ត៌មានជាតិ

អាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីចែកចាយគ្រឿងញឿនឃាត់ខ្លួនបានមនុស្ស៥នាក់ និងដកហូតម្ស៉ៅសថ្លា ៦៨កញ្ចប់

ព្រះសីហនុ: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ទី១៩ខែមិថុនាឆ្នាំ២០១៦នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តព្រះសីហុ សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់សិលា ដឹកនាំដោយ អនុសេនីយ៍ឯក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំនុចភូមិចាំស្រី ឃុំកំពង់សិលាស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងដកហូតម្ស៉ៅសថ្លាចំនួន៦៨កញ្ចប់ផងដែរ។

ជនសង្ស័យទាំង ០៥នាក់ ដែលអាវុធហត្ថឃាត់ខ្លួនបាននោះរួមមាន ទី១ឈ្មោះ ឃឹម តូរ៉ា ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកកំពង់សិលាខេត្តព្រះសីហនុ, ទី២ឈ្មោះលឹម ដែត ភេទប្រុស អាយុ២៥ឆាំ្ន ជនជាតិ ខ្មែរ មុខរបរ ជាងឡាន រស់នៅភូមិបុរីកម្មករ សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ទី៣ឈ្មោះ ង៉ែត ចាន់ធី ហៅ ខ្លី ភេទប្រុស អាយុ៣០ឆាំ្នជនជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ, ទី៤ឈ្មោះ យេស ម៉ាត់ ភេទប្រុស អាយុ ៣១ឆាំ្នជនជាតិខ្មែរ មុខរបរធ្វើស្រែរស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី៥ ឈ្មោះ ឈន ស្រីទី ភេទស្រី អាយុ ៣៤ឆាំ្នជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីន រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យហើយ អាវុធហត្ថខេត្តព្រះសីហនុ ក៏រកឃើញវត្ថុតាងរួមមានជាច្រើនផងដែរថា រួមមាន ទី១ម្ស៉ៅសថ្លាចំនួន៦៨កញ្ចប់=១៥ក្រាម ទី២ ទូរស័ព្ទដៃចំនួន០៥ គ្រឿង, ទី៣-ម៉ូតូ ០៤ គ្រឿង, ទី៤-ដបជក់ចំនួនមួយ, ទី៥លោហធាតុពណ៌លឿងខ្សែដៃមួយខ្សែ+ខ្សែកមួយខ្សែ+ចិញ្ចៀនមួយវង់, ប្រាក់រៀលចំនួន ២៦៤.០០០រៀល និងប្រាក់ដុល្លារចំនួន៩២៦ដុល្លារ។

បច្ចុប្បន្នកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តកំពុងបន្តនិតិវិធី ដើម្បីបញ្ជូនទៅតុលាការផងដែរ៕

មតិយោបល់