កណ្តាលៈ រថយន្តមួយគ្រឿងម៉ាកកុងតឺន័រ បានបុកម៉ូតូម៉ាកស៊ុយសុីគីឡែត គ្មានស្លាកលេខ បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង៩និង៥៤នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរចេញពីផ្លូវស្រែអំពិល ឡើងមកផ្លូវជាតិលេខ១ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកុងតឺន័រ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5699 ដោយធ្វើដំណើរចេញពីភ្នំពេញទៅអ្នកលឿងលុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូហើយបានកិនចំពីលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ដោយឡែកអ្នកបើករថយន្តគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ ឡន ចាន់ឌី ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់) រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងអ្នករួមដំណើររងរបួសស្រាលមិនស្គាល់ឈ្មោះ រស់ នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកដើម្បីបន្តនិតិវិធី៕
មតិយោបល់