ព័ត៌មានជាតិ

រន្ធត់ណាស់! ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូដួល ក៏ត្រូវរថយន្តពីក្រោយកិនស្លាប់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ដែលកើតហេតុវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ ៣៤-៣៥ ភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DD-8154 បើកបរដោយឈ្មោះ សែម វ៉ានដេត ភេទប្រុសអាយុ២៥ឆ្នាំ មានអ្នករួមដំណើរ១នាក់ ត្រូវជាប្រពន្ធ ឈ្មោះឯម សុខគា អាយុ ២៥ឆ្នាំអ្នកទាំង ២នាក់ មានទីលំនៅភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែករថយន្ត មិនស្គាល់ម៉ាក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ម៉ូតូរងគ្រោះ បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) ជិះគ្នាពីរនាក់ ពេលមកដល់ចំណុចកើតហេតុ បានប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀត បើកបរស្របទិសគ្នា ក៏ដួល ទើបត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នសពទាំង២នាក់ និងម៉ូតូ ១គ្រឿងខាងលើ ត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះដែរ កម្លាំងជំនាញបានកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់