ព័ត៌មានជាតិ

គួរឲ្យអាសូរ នាងបដាចារ្យទី២

តាកែវ: រឿងរ៉ាវដ៏សោកសង្រេងរបស់ស្ត្រីម្នាក់ ដែលបានស្រែកទ្រហោយំ បោកខ្លួនរហូតសន្លប់ម្តងៗទៅហើយ និងស្ទើរតែក្លាយទៅជាមនុស្សឆ្គួត ដោយសារតែប្តីជាទីស្រឡាញ់ និងកូនប្រុសស្រីក្នុងបន្ទុកតែពីរ ត្រូវបានស្លាប់ជាបន្តបន្ទាប់យ៉ាងអណោចអាធ័មបំផុត ដោយចរន្តអគ្គិសនីឆក់ស្លាប់បន្សល់ទុកប្រពន្ធជាម្តាយឲ្យរស់នៅតែលតោលតែម្នាក់ឯង។ នេះជារឿងមួយមិនខុសអីទៅនឹងរឿងនាងបដាចារ្យ ប្តីត្រូវសត្វពស់ចឹកស្លាប់ ឯកូនប្រុស ត្រូវសត្វក្លែងហោះមកឆាបចាប់យកទៅហែកស៊ីបាត់ទៀត ចំណែកឯកូនស្រីពៅវិញ ត្រូវស្លាប់ដោយលង់ទឹកអូរហូរកួចយកទៅបាត់ទៀត ធ្វើឲ្យនាងបដាចារ្យ យំនឹករឭកដល់ប្តី និងកូនប្រុសស្រីទាំងពីរ រហូតដល់ឆ្គួតវង្វេងស្មារតី ដើរសើចផងយំផង គួរឲ្យសង្វេគពុនពេក។

ក្រឡេកមកមើលករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់៣នាក់ឪពុកកូនជាបន្តបន្ទាប់ នៅឯស្រុកដូនកែវ ខេត្តតាកែវ ឯនេះវិញ លើសពីអាណិតលើសពីអាសូរដល់ស្ត្រី ដែលត្រូវជាប្រពន្ធ ត្រូវជាម្តាយខ្លាំងណាស់ ដោយសពដាក់តម្រៀបទន្ទឹមគ្នា៣នាក់ បន្ទាប់មកមឈូសដាក់ទន្ទឹមគ្នា៣ទៀត តែអ្វីដែលរន្ធត់សម្រាប់បងស្រីនោះ គឺយប់នេះ មេន បូជា៣ ត្រូវបានដាក់ទន្ទឹមគ្នា បូជារូបកាយទាំងប្តី ទាំងកូនទាំង២ជាទីស្រលាញ់ ទៅជាមួយឪពុក នាយប់ថៃទី១៩ ឈានចូលថ្ងៃទី២០ ខែមិថុនានេះ។

កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ មឈូសចំនួន៣ ត្រូវបានគេដាក់ទន្ទឹមគ្នា គួរឲ្យរន្ធត់ណាស់លោកអើយ! ឃើញឪពុកឆក់ខ្សែភ្លើង កូនពីរនាក់ រត់ទៅជួយក៏ត្រូវឆក់ស្លាប់ទាំង៣នាក់ឪពុក និងកូន។

គួរបញ្ជាក់ផងដែរថា បុរសជាឪពុក និងកូនប្រុសស្រី២នាក់ទៀត បានស្លាប់ភ្លាមៗ គួរឲ្យអាសូរជាទីបំផុត ដោយសារតែខ្សែភ្លើងឆក់តគ្នា។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ ខេត្តតាកែវ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារភ្លើងឆក់ទាំង៣នាក់ឪពុកកូន ទី១-បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ទី២-កូនស្រីឈ្មោះ ពេជ ស្រីម៉េង អាយុ១៣ឆ្នាំ និងទី៣-កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

បើតាមលោកអធិការក្រុងដូនកែវ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។ បន្ទាប់ពីបុរសជាឪពុក បានយកដែកមកផ្សារធ្វើដំបូលផ្ទះនៅពេលនោះ ខ្សែភ្លើងក៏ដាច់បណ្ដាលឲ្យឆក់ ឃើញឪពុកត្រូវឆក់ខ្សែភ្លើង កូនប្រុសដែលមានវ័យ១០ឆ្នាំ ក៏ស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យ ជំទង់អាយុ១៣ឆ្នាំ ឃើញឪពុក និងប្អូនឆក់ខ្សែភ្លើង រត់មកជួយទៀត ក៏ឆក់ស្លាប់ទាំង៣នាក់កូន គួរឲ្យអាណោចអាធ័មជាទីបំផុត។

លោកអធិការក្រុងដូនកែវ ឆាយ សាវុធ បានថ្លែងបន្តថា បន្ទាប់ពីកើតហេតុភ្លាម លោកបានបញ្ជាឲ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនរងគ្រោះទាំង៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះនៅមន្ទីរពេទ្យបាននោះទេ ហើយខាងមន្រ្តីជំនាញក៏បានចុះមកពិនិត្យសាកសព ដោយបានពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕

មតិយោបល់