ព័ត៌មានជាតិ

ហាយឡេនឌ័រ ពន្លះម៉ូតូវ៉េវ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា នៅថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង៣ និង៣០នាទីរសៀល នៅកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចម្តុំលក់ក្រឡាន ស្ថិតក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-0155 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានឡើងជែង រថយន្តពីមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ក្រហម បើកបរដោយឈ្មោះ ឌាន ឡងឌី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបេង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ ទិសដៅពី ត្បូងទៅជើង ច្រាស់ទិសគ្នា បុកចំពីមុខពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ឈ្មោះ ឌាន ឡងឌី មិនពាក់មួកសុវត្តិ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់