ព័ត៌មានជាតិ

សម្ដេចតេជោ ៖ “កម្ពុជាមិនមែនជា អាយ៉ង អ្នកណាទេ កម្ពុជា ជាប្រទេសតូចមែនតែមានខួរក្បាល”

ភ្នំពេញៈ នៅក្នុងពិអីចែកសញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនជាអាយ៉ង ប្រទេសណាទេកម្ពុជានៅតែទទូចឲ្យប្រទេសពាក់ព័ន្ធដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធីចៀសវាស ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ហើយបើប្រទេសទាំងនោះ ចង់វាយគ្នាក៏វាយគ្នាទៅ កុំឲ្យទើសក្បាលកម្ពុជាទៅបានហើយ ហើយកម្ពុជាក៏មិនធ្វើអាយ៉ង របស់ប្រទេសណាមួយនោះទេ។

សម្តេចបានបន្តថា កម្ពុជាបានរក្សាទំនាក់ទំនង រក្សាសន្តិភាពនៅក្នុងតំបន់។ បើកម្ពុជាចង់ដុត គឺកម្ពុជាធ្វើតាមការស្នើសុំរបស់ប្រទេសខ្លះ។ កម្ពុជាជាប្រទេសតូចមួយ ប៉ុន្តែកម្ពុជាមានខួរក្បាល។ សម្តេចតេជោ ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវអត់ធ្មត់ លើបញ្ហាសមុទ្រចិនខាងត្បូងហើយត្រូវរក្សាជំហរ លើសេចក្តីថ្លែងការណ៍ សមុទ្រចិនខាងត្បូង DOC ហើយកម្ពុជាបានអំពាវនាវចរចា ដោះស្រាយជាមួយ គ្នាដោយសន្តិវិធី។ អាស៊ានមិនអាចដោះស្រាយ ជំលោះបានទេ។ ផលប្រយោជន៍អាស៊ានគឺធំ។ ត្រូវបង្កើនទុកចិត្ត លើភាគីពាក់ព័ន្ធ។

សម្តេចបានបន្ថែមទៀតថា យើងត្រូវបង្កើនទំហំពាណិជ្ជកម្ម និងវិថីសូត្រសមុទ្រសតវត្សទី២១ ដែលស្នើដោយចិន។ កម្ពុជាឯករាជ្យកម្ពុជា មិនអាយ៉ង កម្ពុជាយុត្តិធម៌។ សម្តេចបានបញ្ជាក់ថា គេបានដឹងខ្លឹមសារហើយបាន ជាគេធ្វើដូច្នោះ គេមកចោទឡាវនិងកម្ពុជាអំពីសមុទ្រចិនខាងត្បូង កាលណាគេនិយាយ សមុទ្រចិនខាងត្បូងគេសម្លឹង មើលមុខហ៊ុនសែន។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសមិនពាក់ព័ន្ធ កុំលូកដៃចូលក្នុងរឿង សមុទ្រចិនខាងត្បូងទុកឲ្យប្រទេសពាក់ព័ន្ធ ចូលរួមដោះស្រាយជាមួយគ្នា។ អាស៊ានគ្មានសិទ្ធិលូកដៃវាស់ដីឲ្យអ្នកណាគេទេ។ តុលាការមិនទាន់ចេញសេចក្តីសម្រេចផង មានអគ្គរដ្ឋទូតមួយឲ្យកម្ពុជាគាំទ្រ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ប្រទេសជាមិត្តមួយចំនួនដែលជាអ្នកឃ្លាំមើល នឹងលឺប្រសាសន៍របស់សម្តេច នាថ្ងៃនេះអំពីសមុទ្រចិន ខាងត្បូង។

ប្រទេសដែលកំពុងមានជម្លោះជាមួយចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង នោះមានប្រទេសអាស៊ាន មួយចំនួនជា ពិសេសវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី។

សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមិនមែនជាអ្នក ចេញសេចក្ដីថ្លែងការណ៍ គាំទ្រប្រទេសណាមួយដែលមានជម្លោះនឹងគ្នា ជុំវិញបញ្ហា សមុទ្រចិនខាងត្បូងទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ បន្ទាប់ពីកាសែត The Cambodia Daily បានចេញផ្សាយថា ប្រទេសកម្ពុជា បានជួយរួមចំណែក ធ្វើឲ្យខូច សេចក្ដីថ្លែងការណ៍រួមមួយ របស់អាស៊ានស្ដីពី បញ្ហាសមុទ្រចិនខាងត្បូង កាលពីសប្ដាហ៍មុន ដោយខ្លួនធ្លាប់ទទួលបានជោគជ័យ ក្នុងការធ្វើឲ្យសេចក្ដីថ្លែងការណ៍ ស្រដៀងគ្នាមួយ បរាជ័យនៅពេលខ្លួនធ្វើជាប្រធានអាស៊ាន កាលពី៤ឆ្នាំមុន។

ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំ រយៈពេល២ថ្ងៃ នៅទីក្រុងគុនមីង ប្រទេសចិន ដោយគាំទ្រចិន ដែលចង់ដោះស្រាយជម្លោះ អធិបតេយ្យភាពក្នុងដែនសមុទ្រខាងត្បូងដែល មានជម្លោះក្ដៅគគុកនោះ ដោយទ្វេភាគី។​

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឹងប្រែង ធ្វើយ៉ាងណាឲ្យចេញ COC។ អយុត្តិធម៌ពេកហើយ សម្រាប់កម្ពុជា។
កម្ពុជាមិនមែនជាអ្នកបំផ្លាញ អាស៊ានទេ ។ ទំនាក់ទំនងរវាង ចិនអាស៊ានធំណាស់។ ចិនជាទីផ្សារធំ របស់អាស៊ាន។ តំបន់ណាពាក់ព័ន្ធ ដោយទ្វេភាគីដោះស្រាយ ដោយទ្វេភាគី និងកន្លែងពហុភាគី ដោយស្រាយដោយពហុភាគី។ ចេញសេចក្តីថ្លែងការណ៍ មិនមែនមកពីកម្ពុជាទេ គឺមានគេធ្វើបាបកម្ពុជា។ ប្រទេសមួយទៀត មកឲ្យកម្ពុជាគាំទ្រ នៅតំបន់នេះ តំបន់នេះ។ កម្ពុជាមិនមែនជាចៅក្រម កាត់សេចក្តីទេ។ ខ្ញុំបកស្រាយច្រើនដងហើយ។ មានអ្នកខ្លះថាកម្ពុជា នៅជិតចិនពេក ទើបមិនអាចចេញ សេចក្តីថ្លែងការណ៍បាន។ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ធ្វើមិនចេញម៉េចក៏មិនបន្ទោសផង។ ខ្ញុំមិនឲ្យអ្នកណាមកមើលងាយ ខ្មែរនោះទេ។ ខ្ញុំប្រកាសថា កម្ពុជាមិនគាំទ្រ ចំពោះការចេញរបស់តុលាការ ទាក់ទងសមុទ្រចិនខាងត្បូង។ ចិនហ្វីលីពីន មានរឿងជាមួយគ្នាចឹងគួរ តែដោះស្រាយគ្នាទៅ។ជំហរកម្ពុជា មិនចេញជាមួយទេ។ កម្ពុជានឹងមានសេចក្តីថ្លែងការណ៍មួយ ដាច់ដោយឡែក ។ ខ្លួនឯងទាស់គ្នាដណ្តើមដីគ្នា ហើយមកចោទកម្ពុជា៕

មតិយោបល់