ភ្នំពេញៈ ដើម្បីឲ្យដំណើរការនៃការដោះស្រាយលើបញ្ហារំដោះជំនន់ទឹកភ្លៀងចេញពីក្រុងឲ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីជំនាញ រួមនឹងអាជ្ញាធរដែនដីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៩មិថុនា បានអញ្ជើញទៅពិនិត្យមើលសកម្មភាពបុកស៊ីផាយទប់ជញ្ជាំងប្រឡាយអូបាក់ទូកក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលប្រឡាយនេះជាប្រឡាយដ៏មានសារៈសំខាន់ ក្នុងការរំដោះទឹកចេញពីភូមិសាស្ត្រប៉ែកខាងត្បូងរាជធានីភ្នំពេញ ចាក់ទៅស្ថានីយ៍បូមទឹក Km9 និងស្ថានីយ៍បូមទឹកកប់ស្រូវ។
ប្រឡាយបាក់ទូកនេះជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងដាក់ភ្លើងបំភ្លឺផ្លូវអមមាត់ប្រឡាយ រួមនឹងការឲ្យប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៅប្រជាពរដ្ឋដែលរស់នៅអមប្រឡាយនេះផងដែរ ក្រោយពីការដ្ឋាននេះត្រូវបានបញ្ចប់។
លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា នេះជាលើកដំបូង និងជាប្រវត្តិសាស្ត្រដែរ ដែលសាលារាជធានីភ្នំពេញបានប្រើប្រាស់បច្ចេកទេសបុកស៊ីផាយទប់ច្រាំងប្រឡាយ ដែលមានប្រយោជន៍ក្នុងការរក្សាទំហំប្រឡាយ មិនឲ្យមានការរំលោភបំពានយកផ្ទៃប្រឡាយ រួមទាំងការស្ថាបនាផ្លូវអមមាត់ប្រឡាយដើម្បីជួយរំដោះចរាចរណ៍ និងងាយស្រួលក្នុងការស្តារប្រឡាយនៅពេលខាងមុខ។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញក៏អាចដាក់ភ្លើងបំភ្លឺផ្លូវអមមាត់ប្រឡាយ រួមទាំងការណែនាំលើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងយកទៅបោះចូលប្រឡាយ ហើយក្រោយពីរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រជាពលរដ្ឋនៅតំបន់ខាងលើ នឹងទទួលបានបណ្ណ័កម្មសិទ្ធិស្របច្បាប់តែម្តង។
លោកអភិបាលមានប្រសាសន៍ទៀតថា សាលារាជធានីភ្នំពេញនឹងបន្តអនុវត្តន៍យកលំនាំតាមប្រឡាយបាក់ទូកសម្រាប់អាងស្តុក ឬប្រឡាយនៅទីតាំងមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ។
អង្គភាពជំនាញក្នុងខណៈពេលនេះបាននឹងកំពុងសហការជាមួយអាជ្ញាធរដែនដី ក្នុងការបុកស៊ីផាយទប់ច្រាំងប្រឡាយអូបាក់ទូកក្នុងជំហានសាកល្បងប្រវែង២០០ម៉ែត្រ នៅប៉ែកខាងកើតប្រឡាយស្របគ្នានិងការដោះស្រាយផលប៉ះពាល់នៅសល់តិចតួច ឯដំណើរការស្តារប្រឡាយ ក៏បានអនុវត្តន៍ព្រមគ្នាជាមួយនឹងការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ចាប់ពីផ្លូវរថភ្លើងទំនប់៧០ ដល់បុរីគង់ប៊ុនហាវ។
សាលារាជធានីភ្នំពេញបានកំណត់យកប្រឡាយបាក់ទូក ជាគោលដៅត្រូវមានវិធានការការពារ អភិរក្ស និងអភិវឌ្ឍន៍សម្រាប់រំដោះទឹកចេញពីទីក្រុងប៉ែកខាងត្បូងរាជធានីភ្នំពេញ។ ជាមួយគ្នានេះសាលារាជធានីភ្នំពេញក៏កំពុងដំណើរការស្ថាបនាស្ថានីយ៍បូមទឹកថ្មីនៅស្ថានីយ៍ទួលគោកទី២ ដែលនឹងត្រូវរួចរាល់ក្នុងខែសីហាខាងមុខ ស្របគ្នានិងស្ថានីយ៍ ២ទៀតក៏កំពុងជំរុញឲ្យបានរួចរាល់ក្នុងខែសីហានេះដែរ មានស្ថានីយ៍ទួលគោកទី១,ទួលគោកទី២ និងស្ថានីយ៍បឹងត្របែក។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីស្ថានីយ៍ទាំង៣នេះ ស្ថាបនារួច យើងសង្ឃឹមថា ភូមិសាស្ត្រខណ្ឌទាំង៤នៅកណ្តាលក្រុង នឹងអាចកាត់បន្ថយការលិចលង់បានប្រមាណ៧០%។
នៅក្នុងព្រឹកថ្ងៃទី១៩ មិថុនានោះដែរ លោក ប៉ា សុជាតិវង្ស រួមនឹងក្រុមការងារបានអញ្ជើញ ទៅពិនិត្យមើលសកម្មភាពកាយប្រឡាយបើកមុខទឹកនៅទីតាំងដីឡូត៍លេខ៣៣៣ ចំណុចបឹងតាបែនព្រំប្រទល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។នេះជាការដោះស្រាយបើកមុខទឹកជាបន្ទាន់មួយក្រោយមានភ្លៀងធ្លាក់ដើម្បីនាំទឹកចាក់ទៅប្រឡាយមានស្រាប់ទួលសំពៅ និងឆ្ពោះទៅប្រឡាយកប់ស្រូវ។ នេះជាការដោះ ស្រាយបញ្ហាជំនន់ទឹកភ្លៀង និងជួយរំដោះទឹកចេញពីតំបន់មួយចំនួនក្នុងសង្កាត់កាកាប, តំបន់ស្របផ្លូវរថភ្លើង និងតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ ត្រូវបានគេមើលឃើញថា បណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លិចចំណុចដែលមិនមានប្រព័ន្ធលូ,ប្រឡាយនៅប៉ែកខាងលិចរាជធានីភ្នំពេញ ហើយមានទីតាំងជាច្រើនត្រូវបានគេចាក់ដីបំពេញរំលោភយកបិទមុខទឹកមិនអាចហូរបាន ដល់ពេលត្រូវការ អាជ្ញាធរទៅសុំម្ចាស់ដីបើកមុខទឹកវិញ។ នេះជាការដោះស្រាយជំហ៊ានៗ គឺដោះបានត្រឹមណាធ្វើត្រឹមហ្នឹង គឺធ្វើជាបណ្តើរៗដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង៕
មតិយោបល់