ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ បានសម្រេចដោះលែង ស្ត្រីម្នាក់ ដែលពាក់ព័ន្ធ សំណុំរឿង ចេញសែកគ្មានសាច់ប្រាក់ ជិត ៤ម៉ឺនដុល្លារ ឲ្យត្រឡប់ទៅផ្ទះវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
យោងតាមរបាយការណ៍សមត្ថកិច្ចជនត្រូចោទមានឈ្មោះ ផេង មុំ ភេទស្រី អាយុ ៤២ឆ្នាំ ត្រូវបាន កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចបានបញ្ជាក់ថា លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងចោទប្រកាន់ លើស្ត្រីឈ្មោះ ផេង មុំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរ បាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សមត្តកិច្ច ឲ្យដឹងថា ការឃាត់ខ្លួនជនត្រូវចោទខាងលើ បានធ្វើឡើងយោងតាម ពាក្យបណ្តឹង ជនរងគ្រោះ ដោយបានចោទប្រកាន់ ស្ត្រីខាងលើថា បានខ្ចីប្រាក់ចំនួន ៣៧,០០០ ដុល្លារ ដើម្បីយកទៅលោះប្លង់ដីពីធនាគារមួយ និងបានតំកល់សែកគ្មានសាច់ប្រាក់ឲ្យដើមបណ្តឹង។
លុះថ្ងៃកំណត់សងប្រាក់ ជនត្រូវចោទខាងលើ ព្យាយាមគេចវេស ទើបដើមបណ្តឹងសម្រេចប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការតែម្តង។
ពាក់ព័ន្ធសំណុំរឿងនេះ យើងមិនទាន់អាចសុំការបំភ្លឺពីមូលហេតុនៃការមិនឃុំខ្លួន ជនត្រូវចោទខាងលើ ពីលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ដោយសារលោកមិនឆ្លើយតប នឹងសំនួរដែលបានផ្ញើជូន នៅក្នុងគ្រុប Telegram៕
មតិយោបល់