ភ្នំពេញៈ យោងតាមការឲ្យដឹងរបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមTelegram នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះថា គណៈកម្មការជាតិបានពិនិត្យ និងសម្រេចស្នើសុំការអនុគ្រោះទោសដល់ទណ្ឌិតសរុប៥០រូប (ស្ត្រី៦រូប) ក្នុងនោះបន្ថូរបន្ថយទោសដល់ទណ្ឌិតចំនួន៤២រូប(ស្ត្រី៥រូប) និងលើកលែងទោសដល់ទណ្ឌិតចំនួន៨រូប(ស្ត្រី១រូប) សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្នុងចំណោមបញ្ជីដែលបានស្នើសុំពីគណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានីខេត្តចំនួន៣២១រូប។
សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ បានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដែលបានដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានទណ្ឌិតសរុប ចំនួន ៣២១នាក់ (ស្ត្រី២៨នាក់) មកពីពន្ធនាគារចំនួន២០ ទូទាំងរាជធានី-ខេត្ត និងមកពីមណ្ឌលអប់រំកែប្រែរបស់ក្រសួងមហាផ្ទៃ ចំនួន ០៤។
លោក គឹម សន្តិភាព បានបញ្ជាក់ថា ការបន្ធូរបន្ថយទោស និងលើកលែងទោស គឺសម្រាប់ទណ្ឌិតដែលគោរពលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ ដោយមិនបានធ្វើជាពិសេសអ្វីដល់ ទណ្ឌិតដែលអះអាងថា ខ្លួនជាអ្នកទោសនយោបាយឡើយ។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជា បានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ៣លើក រួម មាននៅ បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រះរាជពិធីបុណ្យអុំទូក និង បុណ្យពិសាខបូជា។
ការលើកលែង និង បន្ធូរបន្ថយទោសដល់ទណ្ឌិត ធ្វើឡើងតាម សំណើរបស់នាយករដ្ឋមន្ត្រី ទៅព្រះមហាក្សត្រ។
គួររំលឹកថា ពាក់ព័ន្ធករណីបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានថា មិនឲ្យមានការដាក់ស្នើលើកលែងទោស ឬបន្ធូរ បន្ថយទោស ចំពោះទណ្ឌិត ដែលមានបទល្មើស ប្លន់ប្រដាប់អាវុធ និងឈ្មួញ គ្រឿងញៀនធំៗ ឬបើស្នើមកសម្តេចជាអ្នកពិនិត្យមើលផ្ទាល់ម្តងមួយៗដោយប្រុងប្រយ័ត្នបំផុត ព្រោះសម្តេចលែងទុកចិត្ត។
សម្តេចលើកឡើងថា ការប្រុងប្រយ័ត្ននេះព្រោះតែជនសង្ស័យជាចោរប្លន់ និងជួញដូរគ្រឿងញៀន ភាគច្រើនជាមុខសញ្ញាចាស់ នៅពេលសមត្ថកិច្ចចាប់បាន ខណ:មានអ្នកដែលកែប្រែបានតិចតួចពេលទទួលបានការលើកលែងទោស។
សម្តេចសង្កត់ធ្ងន់ថា ទណ្ឌិតជាចោរប្លន់ និងអ្នកជួញដូរគ្រឿងញៀន ចេញពីគុកលឿនជាងទណ្ឌិតធម្មតា រហូតមានជនជាប់ឃុំខ្លះត្រូវតុលាការឃុំលើសនីតិវិធីក៏មាន៕
មតិយោបល់