ព័ត៌មានជាតិ

ឃើញគេស្អាតកំពុងលក់ពោត! មកឲ្យគេទៅយកប្តីចិន ចុងក្រោយ…

ភ្នំពេញៈ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ច្បារអំពៅ២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទប៉ុនប៉ងជួញដូរផ្លូវភេទឆ្លងដែន នៅផ្ទះជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះសុខ លី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពោត ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ យ៉ុង គឹមស៊ុយ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះ៥៥៨ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងលក់ពោតនៅផ្សារច្បារអំពៅ ហើយជនសង្ស័យក៏បានមកនិយាយ ប្រាប់ជនរងគ្រោះថា រូបស្អាតប៉ុណ្ណឹងគួរតែយកប្តីជនជាតិចិនទៅ គេឲ្យថ្លៃទឹកដោះ ៣០០០ដុល្លារ បន្ទាប់មកជនសង្ស័យបាននាំជនរងគ្រោះទៅផ្ទះនៅភូមិកើតហេតុ ជួបបក្ខពួកម្នាក់ទៀតឈ្មោះ វិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រួចឈ្មោះ វិតក៏សួរជនរងគ្រោះថា តើមានសំបុត្រកំណើតអត់? ហើយជនរងគ្រោះឆ្លើយថា អត់មានទេ! ឈ្មោះវិតក៏ឲ្យលុយ២០ដុល្លារទៅជនរងគ្រោះមកផ្ទះវិញធ្វើសំបុត្រកំណើត។

លុះមកដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង៦ល្ងាច ជនសង្ស័យបានទៅផ្ទះជនរងគ្រោះសួរនាំរឿងហេតុខាងលើ ក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕

មតិយោបល់