ព័ត៌មានជាតិ

បង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀនចិនខ្មែរចំនួន៤នាក់ ដកហូតបានថ្នាំញៀនចំនួនជាង២៦គីឡូក្រាម

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀន ចំនួន៤នាក់។ ក្នុងនោះមានជនសង្ស័យ ដែលជាជនជាតិចិន២នាក់ និងខ្មែរ២នាក់ រួមនិងថ្នាំញៀនចំនួនជាង២៦គីឡូក្រាម នៅអគ្គស្នងការនគរបាលជាតិ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងថ្នាំញៀនខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យទី២ និងការិយាល័យទី៥ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ នៅ៣គោលដៅផ្សេងគ្នា គឺ គោលដៅទី១ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៦និង៥០នាទី ល្ងាចនៅចំណុចផ្លូវអង្គរ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាជនជាតិចិន ទី១មានឈ្មោះ លី ហុងអ៉ី ភេទប្រុស អាយុ៣៨ឆ្នាំ , ទី២ឈ្មោះ ស៊ី យ៉ាវហ្វុង ភេទប្រុស អាយុ២៦ឆ្នាំ ដកហូតថ្នាំញៀនចំនួន៦គីឡូក្រាម។ គោលដៅទី២នៅ ផ្ទះលេខ១២២ ផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈរ ប៊ុនឆាយ​ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដកហូតថ្នាំញៀន១៩គីឡូ និងគោលដៅទី៣ នៅផ្ទះលេខ១២២E2 ផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សំ កុកឈាង ភេទប្រុស អាយុ២៦ឆ្នាំ ដកហូតថ្នាំញៀនជាង១គីឡូ។

សរុបទាំង៣គោលដៅ ២៦គីឡូនិង៧ក្រាម។ ក្រោយពីធ្វើសន្និសីទសារព័ត៌មានរួច មកជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាកសួរបន្តរនៅសាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធីច្បាប់៕

មតិយោបល់