ព័ត៌មានជាតិ

ផ្ទះជិត២០០ខ្នង នៅខេត្តកំពង់ឆ្នាំងរងការខូចខាត ដោយសារខ្យល់កន្ដ្រាក់

កំពង់ឆ្នាំងៈ ភ្លៀង​​ និង​ខ្យល់ព្យុះ​កន្ត្រាក់​​កាល​ពី​​ថ្ងៃទី១៩មិថុនា​​​នេះ ​បាន​ធ្វើឲ្យ​​លំនៅឋាន​ ប្រជា​ពលរដ្ឋ​ចំនួន​១៩៣​ខ្នង ​​​នៅ​ស្រុក​២​ នៃ​ខេត្តកំពង់ឆ្នាំង​​ រង​ការខូចខាត ​គឺ​រលំ​ដួល​៣៤​ខ្នង​ និង​បើក​ដំបូល ​ជញ្ជាំង​១៥៩ខ្នង ​ខូចខាត​ជា​មធ្យម​។

នៅ​ព្រឹក​ថ្ងៃទី​២០មិថុនា​នេះ​ លោក ប្រាក់ សោ​ភណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាក​បាទ​ក្រហម​កម្ពុជា ​ខេត្តកំពង់ឆ្នាំង ​បាន​ឲ្យ​ដឹង​ថា​ ​កាលពី​​នៅ​ម៉ោង​៣​និង​៣០​នាទី​ ល្ងាច​ថ្ងៃទី​១៩​​មិថុនា ​ម្សិលមិញ​នេះ ​​មាន​ហេតុការណ៍​​គ្រោះ​ធម្មជាតិ ​ខ្យល់ ​កន្ត្រាក់ ​បាន​​បក់​បោក​លំនៅឋាន​ ប្រជា​ពលរដ្ឋ​ ២​ស្រុក ​​​​​​គឺ ​ស្រុក​កំពង់ត្រឡាច​ ​និង​ស្រុក​សាមគ្គី​មានជ័យ ​នៃ​ខេត្ត​កំពង់ឆ្នាំង ​បណ្ដាល​ឲ្យ​ផ្ទះ​ចំនួន​១៩៣​ខ្នង​ ​រង​ការ​ខូច​ខាត​។​ លោក ​បាន​បន្ដ​ទៀត​ថា​ នៅ​ហេតុការណ៍​នេះ ​មាន​​​ប្រជាពលរដ្ឋ​ ​​ម្តាយ​នឹង​កូន​២​នាក់​ បាន​​រង​របួស​ស្រាល​​ផង​​ដែរ​។

​នៅថ្ងៃដដែលនេះ ​គេ​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត ​គ្រប់​ស្ថាប័ន​ ​បាន​ចុះ​ជួយ​លើក​ផ្ទះ ​និង​ជួយ​រុះរើ​ទុក​ដាក់​ផ្ទះ ​ដែល​រងគ្រោះ​ខូចខាត ​​​ព្រមទាំង​មាន​ការ​ចូលរួម​​ពី​ ​កម្លាំង​ប្រជា​ការពារ ​និង​អ្នក​ស្ម័គ្រ​ចិត្ត ​របស់​អនុសាខា​ កាកបាទក្រហម​ទាំង​២​សាខា ​ក្នុងស្រុក​ទាំង​២ ​​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ផងដែរ ​​អាជ្ញាធរខេត្ត ​និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ​កំពុង​ធ្វើ​ស្ថិតិ​ជនរងគ្រោះ​ទាំងអស់ ​​ដើម្បី​រាយការណ៍​ជូន​កាកបាទក្រហមកម្ពុជា​ ​យក​អំណោយ​មក​​សង្គ្រោះ​ចុះទៅ​ជួយ​ឧបត្ថម្ភ​ពួកគាត់ ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

មតិយោបល់