កំពតៈ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៦នេះ ក្រុមក្មេងទំនើងចំនួន៧នាក់ ដែលតែងតែ បង្ក ភាព អណាធិបតេយ្យ នៅតាមទីសាធារណៈ ត្រូវបានកម្លាំងជំនាញស្នងការនគរ បាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ ត្រី លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគរ បាលខេត្តបានឲ្យដឹងថា ក្មេងទំនើងមានគ្នាប្រមាណ ៦០ ទៅ ៧០នាក់ បានជិះម៉ូតូ ៣០ទៅ ៤០ គ្រឿង ដោយជិះជ្រែ និងមានកាន់ទង់ជាតិខ្មែរក្រវី ពេញផ្លូវ បង្កភាពអនាធិបតេយ្យតាមទីធ្លារសាធារណៈ ត្រូវបានលោកស្នងការបញ្ជាឲ្យកម្លាំងរបស់លោក សហការជាមួយកម្លាំងអធិការក្រុងកំពត ចុះទៅឃាត់បានចំនួន៧នាក់ ដោយឡែកអ្នកជិះម៉ូតូផ្សេង បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ ផងដែរ។
លោក បានបន្ដទៀតថា ប្រតិបត្តិការ ចុះឃាត់ខ្លួនក្រុមក្មេងទំនើងនេះ ធ្វើឡើង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។ ក្មេងទំនើង៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១.មានឈ្មោះសេង អឿន ភេទប្រុស អាយុ ១៩ឆ្នាំ ,ទី២. ឈ្មោះ ជា ភក្ដី ភេទប្រុស អាយុ១៩ឆ្នាំ , ទី៣. ឈ្មោះ ជិន ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ , ទី៤. ឈ្មោះ ហំ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ , ទី៥. ឈ្មោះ វ៉ន តុលា ភេទប្រុស អាយុ ១៩ឆ្នាំ , ទី៦. ឈ្មោះ ឯក ម៉ន ភេទប្រុស អាយុ ១៧ឆ្នាំ , និង ទី៧. ឈ្មោះ ញន ហ៊ាង ភេទប្រុសអាយុ១៩ឆ្នាំក្មេងទំនើងទាំង៧នាក់ ខាងលើមានទីលំនៅក្នុងខេត្តកំពត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន០៤គ្រឿង និងដាវដែក ចំនួន០១ដើម នៅក្នុងកាបូប ឈ្មោះ ហំ វាសនា ។ បន្ទាប់ពីឃាត់រួច ហើយសមត្ថកិច្ចបានធ្វើតេស្ដទឹកនោមក្នុងចំណោមក្មេងទំនើងទាំង៧នាក់ ដោយពិនិត្យឃើញមានចំនួន៥នាក់ប្រើប្រាស់នូវសារធាតុញៀន។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញស្នងការនគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំង៧នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី២០ ខែមិថុនានេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់