ព័ត៌មានកីឡា

Torres បដិសេធមិនផ្លាស់ទៅចិន ហើយជ្រើសរើសក្របខ័ណ្ឌ MLS ជំនួសវិញ

កីឡាករ Fernando Torres បានច្រានចោលការផ្លាស់ប្តូរទៅលេងនៅក្របខ័ណ្ឌកំពូល Chinese Super League នាប្រទេសចិន និងត្រូវបានគេរាយការណ៍ថាចង់ផ្លាស់មក MLS របស់សហរដ្ឋអាមេរិកជំនួសវិញ។

នៅដើមខែនេះ Torres បានប្រកាសថាគាត់នឹងចាកចេញពីក្លិបធ្លាប់លេងតាំងពីក្មេង Atletico Madrid ជាលើកទី ២ នៅក្នុងអាជីពរបស់គាត់ក្រោយបញ្ចប់នៃរដូវកាលនេះ។ យោងតាម Marca ថាអតីតជម្រើសជាតិអេស្ប៉ាញរូបនេះចង់ទៅលេងនៅអាមេរិកជំនួសឱ្យការធ្វើដំណើរទៅកាន់តំបន់ប៉ែកបូព៌ា ប្រទេសចិន។

Marca ក៏បានអះអាងផងដែរថាក្រុម MLS ចំនួន ៥ បានចាប់អារម្មណ៍នឹងការចុះហត្ថលេខាលើ Torres ដូចជា New York City, Chicago Fire, Montreal Impact, Sporting Kansas City នឹង Seattle Sounder។ នៅរដូវកាលនេះតួនាទីរបស់ Torres នៅ Atletico Madrid ត្រូវបានថយចុះយ៉ាងខ្លាំងជាមួយនឹងការមកដល់របស់ Diego Costa ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹម ៦ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ជាមួយ Atletico ហើយអាចអាក់ខាននៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Europa League ជាមួយក្រុម Arsenal ថែមទៀតផង៕

មតិយោបល់