ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូ​​វកម្លាំងនគរបាលឃាត់ខ្លួន ករណីលួចម៉ូតូ និងចែកចាយគ្រឿងញៀន

តាកែវ: នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ក្រោយការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៣នាក់ជាមុខសញ្ញាលួចម៉ូតូ (សកម្ម) និងចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន ។

ជនសង្ស័យខាងលើមាន៖ ទី១.ឈ្មោះ ចែម សារ៉េត ហៅប៉ាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ,ទី២.ឈ្មោះ ត្រុក រិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងទី៣.ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន០៤កញ្ចប់តូច ម៉ូតូ០៦គ្រឿង ផ្លាកលេខម៉ូតូ០២ ដាវសាម៉ូរ៉ៃ០១ ប្រដាប់កាច់កម៉ូតូ គ្រឿងបន្លាស់ម៉ូតូ និងសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់