ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! ឃាតកដែលវាយប្លន់សម្លាប់នារីម៉ាស្សាម្នាក់ក្នុងផ្ទះពីម្សិលមិញ

ភ្នំពេញៈ បុរសជាបុគ្គលិកហាងម៉ាស្សាជាជនដៃដល់ម្នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និង ឈានទៅដល់ការចាប់ខ្លួនបានហើយ ក្រោយពីរូបគេបានធ្វើសកម្មភាពវាយប្លន់សម្លាប់នារីម៉ាស្សាម្នាក់យកគ្រឿងអង្ការ និង ទ្រព្យសម្បត្តិមួយ ចំនួននៅក្នុងផ្ទះយ៉ាងសាហាវព្រៃផ្សៃកាលពីថ្ងៃម្សិលមិញ ដោយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នៅក្នុងតំបន់មិនរៀបរយ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលជាតំបន់គ្រឿងញៀន នោះ និងបានបញ្ជូនបន្តយកមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញផងដែរ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្រោយពីកើតមាននូវករណីឃាតកម្មប្លន់សម្លាប់ដ៏សាហាវ ទៅលើស្រ្តី ម៉ាស្សាម្នាក់នៅក្នុងផ្ទះរួចមក កម្លាំងនៃអធិការដ្ឋានខណ្ឌចំការមន សហការជាមួយនិង កម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និង កម្លាំងនគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតឈានទៅដល់បុរសជាជនដៃដល់ម្នាក់ផងដែរ។

បុរសជាឃាតកនេះមានឈ្មោះ ហុង សុខហេង អាយុ ៤១ឆ្នាំ មុខរបរជាបុគ្គលិកក្នុងហាងម៉ាស្សាមួយកន្លែង ដែលមានទីតាំងនៅក្បែររង្វង់មូលផ្សាដើមថ្កូវ និង ផ្ទះកើតហេតុខាងលើ និង ស្នាក់នៅក្នុងកន្លែងធ្វើការនោះផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេល កើតហេតុកាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៨ ក្រោយពេលថ្ងៃចូលឆ្នាំហើយមួយថ្ងៃ កាលពីថ្ងៃម្សិលមិញរួចមក កម្លាំងរបស់លោកក៏បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃជើង ទើបឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនដៃដល់ក្នុងអំពើរប្លន់ សម្លាប់យកគ្រឿងអង្ការ និងទ្រព្យសម្បត្តិម្នាក់ខាងលើនេះ ដោយធ្វើការដកហូតបានខ្សែក ខ្សែដៃ ខ្សែជើង និង ទូរសព្ទដៃម៉ាកសាំស៊ុង ចំនួនមួយគ្រឿងផងដែរ ដែលសុទ្ធជារបស់នារីរងគ្រោះទាំងអស់មកវិញ។

ក្រោយមានការសហការគ្នានិង ឈានដល់ការចាប់ឃាត់ខ្លួនបុរសជាជនដៃដល់ក្នុងអំពើឃាតកម្មប្លន់សម្លាប់ម្នាក់ខាង លើ ព្រមទាំងវត្ថុតាងរួចហើយ ក៏បាននាំខ្លួនយកមកកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និង កំណត់ហេតុដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ៕

មតិយោបល់