ព័ត៌មានសុខភាព

បើមាន១ក្នុងចំណោម៤ចំណុចនេះ ទោះអ្នកខំសម្រកទម្ងន់យ៉ាងណាក៏នៅតែមិនស្រកដែរ

ការឡើងទម្ងន់ គឺជារឿងដ៏គួរឲ្យព្រួបារម្ភ សម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ ព្រោះវាជាដើមហេតុបង្កឲ្យអ្នកត្រូវប្រឈមនឹងជំងឺដ៏មានគ្រោះថ្នាក់ផ្សេងៗ ដូចជា លើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ជាដើម។

បើយោងតាមអ្នកឯកទេស ផ្នែកចំណីអាហារបានបង្ហាញថា ប្រសិនបើអ្នកខំតមអាហារ ហើយធ្វើលំហាត់ប្រាណជាប្រចាំ នៅតែឡើងទម្ងន់ទៀត អាចបណ្តោលមកពីជំងឺ៤មុខ។

១.ជំងឺក្រពេញទីរ៉ូអ៊ីត
អ្នកជំនាញបាននិយាយថា ក្នុងករណីដែលអ្នកចេះតែឡើងទម្ងន់មិនឈប់ គួរតែពិនិត្យរកមើលជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។ ដោយសារតែក្រពញទីរ៉ូអ៊ីត ជាអ្នកបង្កើតអ័រម៉ូនសម្រាប់គ្រប់គ្រងការរំលាយអហារ ដូច្នេះនៅពេលដែលផ្នែកនេះមានបញ្ហា ការរំលាយអាហារច្បាស់ជាលែងមានប្រសិទ្ធភាព ដែលជះឥទ្ធិពលទៅលើការឡើងទម្ងន់។

ស្ត្រីដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីត អាចមានសភាពអស់កម្លាំង ស្បែកស្ងួត ជ្រុះសក់ ស្អក.ក ឬទល់លាមកជាដើម។

២.ជំងឺដុំគីសក្នុងដៃស្បូន
ការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម ៥នាក់ដែលឡើងទម្ងន់មិនឈប់ ទាក់ទងទៅនឹង ជំងឺដុំគីសក្នុងដៃស្បូន។ ជំងឺនេះ អាចប៉ះពាល់ដល់ការផលិតអ័រម៉ូន estrogen និង testosterone ក្រោយមកអ្នកជំងឺចេះតែមានអាការ ថប់អារម្មណ៍ និងឈឺក្បាល។ អ្នកជំនាញបានបន្យល់ថា ជំងឺនេះក៏អាចជះឥទ្ធិពលទៅលើការប្រើប្រាស់ អាំងស៊ុយលីន ផងដែរ។

៣.ជំងឺធ្លាក់ទឹកចិត្ត
នៅពេលដែលអ្នកចេះតែក្រៀមក្រំក្នុងចិត្ត ចង់តែអង្គុយស្ងៀមស្ងាត់ម្នាក់ឯង រាងកាយនឹងចាប់ផ្តើមរក្សាទុកថាមពល និងខ្លាញ់ដោយស្វ័យប្រវត្ត។ នេះហើយជាកត្តាមួយដែលបណ្តោលឲ្យអ្នកចេះតែឡើងទម្ងន់ ហើយស្របពេលជាមួយគ្នានេះ ប្រសិនបើអ្នកអស់កម្លាំង ងងុយគេ និងវិលមុខ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

៤.គេងមិនលក់
ការគេងមិនលក់ ធ្វើឲ្យអ្នកមានទំនោរទៅរកការញ៉ាំចំណីអាហារដែលមានផ្ទុកជាតិស្ករ និងខ្លាញ់ខ្ពស់ ព្រោះការគេងមិនលក់ប៉ះពាល់ដល់ការផលិតអ័រម៉ូន ដែលបណ្តោលឲ្យឃ្លាន និងការរំលាយអាហារមានភាពយឺតយ៉ាវ។ នៅពេលដែលអ្នកគេងមិនលក់ ចំណង់ទទួលទានអាហារកាន់តែកើនឡើង អ្នកនឹងឡើងទម្ងន់លឿនជាងធម្មតា។

ដូច្នេះក្នុងករណីដែលអ្នកខំតមអាហារ ឬធ្វើលំហាត់ប្រាណរាល់ថ្ងៃហើយ ទម្ងន់នៅតែមិនព្រមស្រក បែរជាចេះតែឡើងមិនឈប់ សូមប្រញាប់ពិនិត្យរកមើលជំងឺទាំង៤យ៉ាងដូចជាលើ ឲ្យបានឆាប់៕

ដកស្រង់ពី៖ soha

មតិយោបល់