ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកឈើចូលក្រុងសៀមរាបជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ចចំរុះធ្វើការឆែកឆេរ សង្ស័យដឹកលើស

ខេត្តសៀមរាប ៖ រថយន្តធុនយក្យដឹកឈើរបស់ក្រុមហ៊ុនតាំងអៀងគ្រុប ដឹកមកពីភូមិសាស្ត្រខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះចូលមកចែកចាយតាមដេប៉ូលក់ឈើក្នុងក្រុងសៀមរាប ដោយមានការសង្ស័យថា រថយន្តដឹកឈើរបស់ក្រុមហ៊ុននោះអាចដឹកលើសចំណុះ ក្នុងច្បាប់អនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ដែលដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឱ្យកម្លាំងសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងឆែកឆេររកបេសេ តែផ្ទុយទៅវិញការចុះឆែកឆេរនោះត្រូវបានបញ្ចប់ទៅវិញ បន្ទាប់ពីរថយន្តដឹកឈើទាំងនោះ ដឹកគ្រប់ចំនួនច្បាប់។ ហេតុការណ៍ចុះប្រតិបត្តិការត្រួតពិនិត្យរថយន្តធុនយក្យដឹកឈើរបស់ក្រុមហ៊ុនតាំងអៀងគ្រុបនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ស្ថិតនៅមុខដេប៉ូ នូ តូច ក្នុងភូមិ ជន្លង់សង្កាត់សាលាកំរើក ក្រុងសៀមរាប។ តាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានប្រាប់ថានៅល្ងាចថ្ងៃទី០៥ខែសីហាឆ្នាំ២០១៥នេះថា ដោយមានអ្នករាយការមកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តសៀមរាបថា ឃើញមានរថយន្តក្រុមហ៊ុនដឹកឈើ ចូលយប់មិញថ្ងៃទី០៤ខែសីហា ក្នុងក្រុងសៀមរាបមាន ចំនួន១០គ្រឿង ទើបសមត្ថកិច្ចបានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើបាគង ដោយមានការបញ្ជាផ្ទាល់ដោយតំណាងអយ្យការ។
IMG-20150805-WA0034
ប្រភពបន្តថា លទ្ធផលដែលមកចុះត្រួតពិនិត្យនេះមិនទទួលបានជោគជ័យនោះទេ ព្រោះក្រុមហ៊ុនទាំងនោះដឹកឈើគ្រប់ចំនួនហើយមានច្បាប់បេសេថែមទៀតផង(ក្នុងច្បាប់បេសេមានចំនួន២១ម៉ែត្រគូប)ដូចនៅក្នុងច្បាប់របស់រដ្ឋបាលព្រៃឈើដែរ។ ប្រភពបានបន្ថែមថា កន្លងមកកម្លាំងជំនាញបានចុះពិនិត្យទៅតាមដេប៉ូ ភេមផាត់ ដេប៉ូ ហាក់ ឡាយ ឃើញមានលើសច្បាប់មួយចំនួន រួចប្រគល់ឱ្យជំនាញចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ។ ប្រភពបានបញ្ជាក់ថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងចុះត្រួតពិនិត្យ បន្តទៀតឲ្យដូចភ្លៀងរលឹម។ ចំណែកប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការចុះត្រួតពិនិត្យនិងឆែកឆេរនោះខាងសមត្ថកិច្ចបានចូលរួមសហការចុះពិនិត្យរថយន្តដឹកឈើរបស់ក្រុមហ៊ុនមួយចំនួនដែលដឹកយកមកលក់ឱ្យដេប៉ូនៅក្នុងក្រុងសៀមរាប តែការពិនិត្យនោះមិនមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ព្រោះក្រុមហ៊ុនរបស់គេមានច្បាប់បេសេគ្រប់ចំនួនរបស់រដ្ឋបាលព្រៃឈើត្រឹមត្រូវ មិនមានលើសដូចការដែលអ្នកទាំងនោះរាយការទេ។

គួររំលឹកផងដែរថា គេសង្កេតឃើញរថយន្តធុនយក្យជាច្រើនដឹកឈើរបស់ក្រុមហ៊ុនមួយចំនួនចេញពីភូមិសាស្ត្រខេត្តព្រះវិហារ,ខេត្តឧត្តរមានជ័យ សម្រុកចូលមកចែកចាយនៅក្នុងខេត្តសៀមរាប តែត្រូវបានសមត្ថកិច្ចជំនាញរបស់មេព្រៃធ្វើការឆែកឆេរតែមួយឡាន ដូច្នេះក្រុមពលរដ្ឋបានទៅឈរមើល ដាក់ការសង្ស័យថា ប្រហែលជាត្រូវរ៉ូវជាមួយរថយន្តរបស់ក្រុមផ្សេងហើយមើលទៅ? ចំណែកក្រុមឈ្មួញដុះស្លែមួយក្រុមប្រចាំខេត្តសៀមរាបមានឈ្មោះ ទូច ចាន់ ថុន (ហៅវ៉ា)និងឈ្មោះ (ចាន់ ណា) សម្រុកចូលមកចែកចាយនៅក្នុងខេត្តសៀមរាបតាមរយៈរថយន្តកែឆ្នៃ មានការខូចខាតផ្លូវជាច្រើនកន្លែង មិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ហ៊ានចេញមុខធ្វើការហាមឃាត់ឬពិន័យទៅតាមច្បាប់ឡើយជាពិសេស ខាងមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តសៀមរាបនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ៕

មតិយោបល់