ស្វាយរៀងៈ ដោយសារតែខ្មាស់ដល់អ្នកភូមិផងរបងជាមួយ និងខ្មាស់ទៅដល់ស្រីស្នេហ៍របស់ខ្លួនរឿងម្តាយជំពាក់ប្រាក់អង្គការច្រើនពេកនិងជំពាក់អ្នកភូមិផងដែរនោះ ធ្វើឱ្យយុវជនវ័យក្មេងម្នាក់បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងដោយយកប្រេងសាំង៣លីត្រមកស្រោចលើខ្លួនហើយដុតឆេះយ៉ាងសន្ធោសន្ធៅរហូតដល់ខ្លោចខ្មៅតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
តាមសេចក្តីរាយការណ៍ពីអ្នកជិតខាងបានប្រាប់ Post News ឲ្យដឹងថា ជនរងគ្រោះដែលចាក់សាំងដុតខ្លួនឯងនេះមានឈ្មោះ ដន អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់រឺម៉ក់កង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ។
សេចក្តីរាយការណ៍បានបន្តទៀតថា ជនរងគ្រោះនេះនៅមុនចាក់សាំងដុតខ្លួនឯងនេះគឺ បានព្យាយាមចងកសម្លាប់ខ្លួន២ដងមកហើយ តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ពេល តែលើកចុងក្រោយនេះ ពុំមាននាក់ណាបានជួយទាន់ទេព្រោះគេបានជ្រើសយកវិធីចាក់សាំងដុតសម្លាប់ខ្លួនបានដោយសុវត្ថិភាពតែម្តង។
ប្រភពបានបញ្ជាក់ថានៅមុនស្លាប់ជនរងគ្រោះបាននិយាយប្រាប់គេឯងនឹងស្រីស្នេហ៍ថា ខ្លួនមិនចង់រស់ទេព្រោះខ្មាស់គេណាស់ដោយសារតែម្តាយជំពាក់ប្រាក់អង្គការនិងអ្នកភូមិច្រើនពេក រកលុយសងបំណុលមិនបាន គេទារមុខ ទារក្រោយធ្វើឱ្យខ្លួនខ្មាស់គេពេញភូមិ៕
មតិយោបល់