បន្ទាយមានជ័យៈ រថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ ប្រើកណ្តាប់ដៃដែក បង្ក្រាបយកមកធ្វើការអប់រំ និងផាកពិន័យ ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក។
ប្រតិបត្តិការនេះ បានធ្វើឡើង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ កំលាំងនគរបាលចរាចរណ៍ផ្លូវគោក មួយក្រុមដឹកនាំដោយលោកវរសេនីយ៍ទោ សន គឹមសួគ៌ នាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សន គឹមសួគ៌ បានឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដែលចូលចិត្តដឹកផ្ទុកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នោះ ដោយគោរពតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យក្រុមនគរបាលចរាចរណ៍ ចុះប្រតិបត្តិការនៅតាមដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីឃាត់រថយន្តដែលចូលចិត្តដឹកទំនិញសំពីងសំពោង បើកនៅលើផ្លូវជាតិដើម្បីយកមកធ្វើការអប់រំ និងផាកពិន័យតាមច្បាប់នគរបាលចរាចរផ្លូវគោក ខេត្តបន្ទាយមានជ័យ។
លោក បានបន្ដថា ការិយាល័យនគរបាលចរាចរខេត្តបន្ទាយមានជ័យ ក្រោយពីចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រួចមក ក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយ នេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនមានកើតឡើងនោះទេ បើប្រៀបធៀបសប្ដាហ៍មុនៗ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កឲ្យអ្នករងរបួស និងស្លាប់ជាបន្តបន្ទាប់។ការដឹកទំនិញសំពីងសំពោងនោះ វាជាកត្តា ដែលផ្តើមឡើង បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នៅតាមដងផ្លូវជាតិលេខ៥ និងលេខ៦នេះផងដែរ៕
មតិយោបល់