ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដឹងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះថា មុខសញ្ញាចំនួន៧នាក់ ក្នុងនោះមានស្ត្រីចំនួន៤នាក់ ត្រូវបាននគរបាលជំនាញបង្ក្រាបធ្វើការឃាត់ខ្លួនវេលាម៉ោង៤និង៥០នាទីកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៧នាក់នោះ ៖ ១-ឈ្មោះប៉ាន់ សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ ២-ឈ្មោះ យឹម ចន្តា ភេទស្រី អាយុ៣៥ឆ្នាំ ៣-ឈ្មោះ ហាស់ ចន្ថា ភេទស្រី អាយុ៤៥ឆ្នាំ ៤-ឈ្មោះ សួស ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ៦-ឈ្មោះ ឡាយសេង ភេទប្រុស អាយុ២៩ឆ្នាំ ៦-ឈ្មោះ វុធ ងូត ភេទប្រុស អាយុ១៧ឆ្នាំ ៧-ឈ្មោះ កែវ ច័ន្ទនី ភេទស្រី អាយុ២៥ឆ្នាំ ។
ក្រោយពីឃាត់ខ្លួនកម្លាំងបានដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន៤កញ្ចប់ធំ និងថ្នាំញៀនគ្រាប់ពណ៌ឈាមជ្រូក១២គ្រាប់ -ថ្នាំញៀនគ្រាប់ពណ៌ក្រហម១០គ្រាប់ -ម្សៅពណ៌កាហ្វេ១កញ្ចប់ -កញ្ឆាគ្រៀម១កញ្ចប់ និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងសម្ភារ:សម្រាប់កែច្នៃផលិតគ្រឿងញៀនដោយដៃមួយចំនួន -ត្រាសម្រាប់បោះលើគ្រឿងញៀនចំនួន១ -រថយន្ត២គ្រឿង -អាវុធខ្លី១ដើម(កា54)បង់១ គ្រាប់9គ្រាប់ -ទូរស័ព្ទដៃ៥គ្រឿង -លិខិតឆ្លងដែន១ច្បាប់ -កាបូបយួរដៃ១និងកាបូបតូច១។
សមត្ថកិច្ចឲ្យដឹងបន្ថែមថា ជនសង្ស័យម្នាក់ទៀតឈ្មោះកែវ លី ណា បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសម្ថកិច្ចកំពុងក៏សាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់