ភ្នំពេញៈ លោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ជនជាប់ចោទ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញម្នាក់ ពាក់ព័ន្ធ សំណុំរឿង ឃាតកម្ម បាញ់មនុស្សសម្លាប់ក្នុងវង់ផឹកស៊ី។
លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការសវនាការបាន ចោទប្រកាន់ ជនជាប់ចោទឈ្មោះ សាន បូរី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មន្រ្តីការិយាល័យនគរបាល ព្រហ្ម ទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នាក់នៅនៅ ផ្ទះលេខ៣១២ ផ្លូវលេខ៤៤C ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ ឃាតកម្ម ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុច ក្នុងហាងផឹកស៊ីគ្មានយីហោ ផ្ទះ គ្មានលេខ ផ្លូវលំ ក្រុមទី ១១ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទ បានឆ្លើយថា នៅមុនកើតហេតុ ខ្លួន និងមិត្តភក្តិ បានដើរចូលទៅផឹកស៊ីក្នុងហាងគ្មានយីហោ ក្បែរផ្ទះ។
ក្រោយពីផឹកស៊ី បានមួយសន្ទុះ ខ្លួនក៏ច្រៀងខារ៉ាអូខេ ស្រាប់តែជនរងគ្រោះ ឈ្មោះ ជ័យ ប៊ុនថន និងបក្ខពួក ២នាក់ទៀត ដែលកំពុងផឹកស៊ីនៅក្បែរគ្នា ច្រៀងតាមបទខ្លួនច្រៀងរហូត ហើយក្រុមជនរងគ្រោះ បានឌឺដង ឲ្យខ្លួនថា គ្រាន់តែ មកផឹកស៊ីសោះ យកកាំភ្លើងមកដែរ អាប៉ូលិសមាន់ស្ងោរ និងប្រមាថខ្លួនថែមទៀតផង។
ដោយក្រុមជនរងគ្រោះ និយាយឌឺដងដដែលៗ ជនជាប់ចោទ ក៏តមាត់ វិញរហូត ផ្ទុះហិង្សា ដាក់គ្នា ក្រុមជនរងគ្រោះបានព្យាយាមដណ្តើមយកកាំភ្លើងតែ ជនជាប់ចោទ បានបាញ់ស្លាប់ម្នាក់ឈ្មោះ ជ័យ ប៊ុនថន មុខរបរ សន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅ ផ្ទះជួល ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
បន្ទាប់មក ជនជាប់ចោទក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួន និងដកហូតបាន អាវុធខ្លីមួយដើមម៉ាករ៉ូឡូ ពណ៌ខ្មៅ រលប់លេខ មានគ្រាប់ចំនួន២គ្រាប់ និងសំបកគ្រាប់ចំនួន ៣។
សូមបញ្ជាក់ថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ៕
មតិយោបល់